ក្រោយធ្វើការចាប់ឆ្នោតជ្រើសរើសពូលកាលពីម្សិលមិញ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 បានបង្ហាញឲ្យឃើញថា កម្ពុជា ស្ថិតនៅក្នុងពូល A រួមជាមួយ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ឡាវ ដែលស្ទើរតែដូចទៅនឹងកាលពីឆ្នាំមុន ។
តាមទម្រង់ថ្មីនៃកម្មវិធីប្រកួត ក្រុមនិមួយៗ នឹងត្រូវធ្វើម្ចាស់ផ្ទះពីរប្រកួត ព្រមទាំងទៅប្រកួតក្រៅទឹកដីពីរប្រកួត ហើយក្នុងនោះ កម្ពុជា នឹងត្រូវទទួលស្វាគមន៍ ម៉ាឡេស៊ី និង ឡាវ ហើយជាភ្ញៀវរបស់ មីយ៉ាន់ម៉ា និង វៀតណាម ។
សម្រាប់ពូល B ឯនោះវិញ ថៃ និង ឥណ្ឌូនេស៊ី ដែលជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០១៦ ស្ថិតនៅរួមជាមួយនឹង សិង្ហបុរី ហ្វីលីពីន និងក្រុមឈ្នះក្នុងប្រកួតជម្រុះ ទីម័រខាងកើត ជាមួយ ព្រុយណេ ។
ក្រុមកំពូលចំនួន ២ តាមពូលនិមួយៗនឹងបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលប្រើប្រាស់រូបមន្ត ( Home & Away ) ដូចគ្នាទៅនឹងវគ្គផ្តាច់ព្រ័ត្រផងដែរ ៕