ក្លឹប Tottenham Hotspur បានសម្រេចការនាំយក Nuno Espirito Santo ដែលជាអតីតអ្នកចាត់ការរបស់ក្លឹប Wolves មកក្លាយជាអ្នកចាត់ការបន្តពីលោក Jose Mourinho ជាផ្លូវការ តែការឡើងកាន់តំណែងសារនេះ ហាក់មិនសូវមានអ្នកពេញចិត្តទាល់តែសោះ។
យ៉ាងណាតាមភាពជាក់ស្តែងទៅ Spurs ប្រហែលដើរជ្រេអស់ហើយ ទម្រាំតែសម្រេចនាំយក Nuno ចុងក្រោយគេនេះ តែទាំងអ្នកគាំទ្រក៏ដូចជាអតីតកីឡាកររបស់មាន់ខ្នាយមាសនៅតែថា គួរតែយកអ្នកផ្សេងមកដឹកនាំ មិនគួរគ្រូរបស់ Wolves ឡើយ។
តួយ៉ាងដូចជា អតីតកីឡាករចាយពេល ៧ ឆ្នាំនៅ Spurs លោក Teddy Sheringham បានបង្ហាញការយល់ឃើញថា៖ “វាជាស្ថានភាពដ៏ចម្លែកនៅ Tottenham ពេលនេះ សម្រាប់ Daniel Levy គាត់ដឹកនាំក្លឹប ១០ ទៅ ១៥ ឆ្នាំហើយ ដោយវាជារឿងដ៏អស្ចារ្យការដែលគាត់ដកតំណែងអ្នកចាត់ការទាំងមូល តែមិនដឹងថាគួរយកនរណាមកដឹកនាំឲ្យប្រាកដ”។
លោកបន្ត៖ “ប្រហែល Levy បានទាក់ទងទៅ Mauricio Pochettino ហើយ អំពីការវិលត្រលប់ តែគ្រប់យ៉ាងមិនអាចសម្រេចទៅបាន និយាយទៅវាជារឿងចម្លែកសម្រាប់ក្លឹបធំដូចជា Tottenham Hotspur ហើយខ្ញុំចង់ឃើញ Brendan Rodgers [គ្រូរបស់ Leicester City] មកដឹកនាំទីនេះ ហើយតាមថាគួរតែយកគាត់តាំងពី ៣-៤ ឆ្នាំមុនមកម្ល៉េះ ពេលនៅមានឱកាសល្អ មានតែគាត់ទេដែលសក្តិសមសម្រាប់ Tottenham”៕
ប្រភព៖ AF