ហេតុអ្វីក្លឹប Manchester City អាចមានចំណែកទទួលបានកញ្ចប់ប្រាក់មួយចំនួន ជុំវិញការផ្ទេរកីឡាករ Jadon Sancho ទៅក្លឹប Manchester United? សំណួរនេះបើសួរអ្នកគាំទ្រកីឡាបាល់ទាត់កាន់ឆ្នាំប្រហែលជាដឹង តែបើអ្នកគាំទ្រថ្មីថ្មោងយើងនឹងធ្វើការបកស្រាយជូន។
ជាការពិត City ដ្បិតមិនមែនជាក្លឹបអាណាព្យាបាលរបស់ Sancho តែពួកគេធ្លាប់ជាអតីតក្លឹបដែលបណ្ដុះបណ្ដាល Sancho កាលគេលេងនៅជាយុវជន។ ក្នុងកិច្ចព្រមព្រៀងបាល់ទាត់ រាល់ការផ្ទេរកីឡាករចេញពីថ្នាលយុវជនទៅក្លឹបណាមួយ នោះខាងក្លឹបម្ចាស់ដើមនឹងទទួលបានប្រាក់ភាគលាភមួយចំនួន អាចពី ៥ ភាគរយឡើងទៅ ស៊ីសងលើការចរចា។
មកមើលករណីផ្ទេរ Sancho ទៅ Old Trafford គឺទើបប្រកាសជាផ្លូវការមុននេះ តាមរយៈការបញ្ជាក់ពីនាយកប្រតិបត្តិក្លឹប Borussia Dortmund។ ចំពោះតម្លៃខ្លួនរបស់គេ តាមលឺគឺ ៧៣ លានផោនឬជាង ១០១ លានដុល្លារអាមេរិក។
ហេតុនេះហើយខាងភាគីក្លឹប Man City ក៏សម្រេចទទួលបាន ១០ លានផោន ឬជាង ១៣,៥ លានដុល្លារ ផ្អែកទៅតាមកិច្ចព្រមព្រៀងរវាងភាគីក្លឹបមេឃខៀវនិងជញ្ជាំងលឿង គឺផ្តល់ឲ្យ ១៥ ភាគរយរាល់ការផ្ទេរកីឡាករនៅពេលខាងមុខ៕
ប្រភព៖ Goal