តាមការឆ្លងឆ្លើយរបស់អ្នកគាំទ្រ និងគណនីផ្លូវការរបស់ Marcus Rashford ដែលជាកីឡាករនៅ Man Utd បានបង្ហាញច្បាស់ថា Jadon Sancho ពិតជានឹងសម្រេចផ្ទេរមកក្លឹបបិសាចក្រហម ប៉ុន្តែចុងក្រោយសាមីខ្លួនមកបញ្ជាក់ថាគណនីត្រូវបានគេ Hack ហើយមិនមែនខ្លួនជាអ្នកសរសេរឡើយ។
សារនៅលើ Twitter មានអ្នកគាំទ្រមួយបានសរសេរទៅ Rashford ថា៖ “សូមប្រកាសអំពីដំណឹងរបស់ Sancho មក Marcus” ហើយគណនីផ្លូវការនោះក៏បានឆ្លើយមកវិញថា “Yes X” ដែលពាក្យនេះចង់សំដៅថា ការផ្ទេរនោះគឺបានក្លាយជាការពិត យ៉ាងពិតប្រាកដមែន ប៉ុន្តែប៉ុន្មានម៉ោងវាក៏ត្រូវបានលុបចេញទៅវិញ។
បុរសវ័យ ២៣ ឆ្នាំក៏បានសរសេរទៅកាន់ Follower ៤,៥ លាននាក់ ក្រោយប៉ុន្មានម៉ោងនោះថា៖ “មានការ Hack គណនីរបស់ខ្ញុំ ឥឡូវខ្ញុំត្រលប់មកវិញហើយ អរុណសួស្តីអ្នកទាំងអស់គ្នា”។
នេះនៅតែធ្វើឲ្យយើងមិនអស់ចិត្ត ហើយកាន់តែចង់ដឹងថា ចចាមអារ៉ាមការផ្ទេរ Sancho មក Old Trafford នឹងសម្រេចក្លាយជាដំណឹងផ្លូវការនៅពេលណា ខណៈកន្លងមកលឺថា Borussia Dortmund ព្រមព្រៀងទទួលយកសំណើតម្លៃ ៧៣ លានផោនដែលម្ចាស់ដី Old Trafford ផ្តល់ឲ្យហើយ៕
ប្រភព៖ Sportsmole