ក្លឹប Everton ដែលទើបតែបាត់បង់វត្តមានអ្នកចាត់ការលោក Carlo Ancelotti ឲ្យទៅ Real Madrid ទីបំផុតពេលនេះរកបានអ្នកថ្មីមកជំនួសហើយ នោះគឺជាអតីតគ្រូចាស់របស់ក្លឹបរួមទីក្រុង Rafael Benitez។
តាមដំណឹងអតីតគ្រូរបស់ Liverpool រូបនេះ បានព្រមព្រៀងកុងត្រារយៈពេល ៣ ឆ្នាំជាមួយក្លឹបស្ករគ្រាប់ខៀវ Everton ហើយលោកបានចរចាត្រូវរ៉ូវ ក្រោយទំនេរជើងពីការដឹកនាំក្លឹបចិនតាំងពីខែមករា ឆ្នាំ ២០២១។
បញ្ជាក់ថា Benitez លោកមានបទពិសោធន៍ជោកជាំនៅការបង្វឹក ដោយលោកចាប់ផ្តើមដំបូងធ្វើជាជំនួយការ និងជាអ្នកចាត់ការនៅឈុត B របស់ Real Madrid ហើយក្រោយមកមានដូចជាការដឹកនាំក្លឹប Valencia, Liverpool, Inter Milan, Chelsea, Napoli, Real Madrid, Newcastle ពោលជាគ្រូដែលដឹកនាំក្លឹបច្រើនបង្អស់មួយក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ដោយឡែកសម្រាប់ Everton រដូវកាលមុន ធ្វើមិនជាបានល្អនោះទេ ដោយឈរត្រឹមលេខ ១០ នៅ Premier League អ៊ីចឹងយើងចាំមើលរដូវកាលថ្មីនេះ តើ Benitez អាចផ្លាស់ប្តូរការលេងរបស់ក្រុមមានមូលដ្ឋានក្នុងទីក្រុង Merseyside ឲ្យប្រែប្រួលបែបណាខ្លះ ហើយយើងក៏កាន់តែទន្ទឹងចង់ឃើញនៅជំនួប Everton-Liverpool ដែលជាការប៉ះក្លឹបចាស់របស់លោកនៅពេលខាងមុខ៕
ប្រភព៖ SkySports