U21 កម្ពុជា ឡើងប៉ះ ទីម័រខាងកើត វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ស្តេចព្រុយណេ ២០១៨

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ស្តេចព្រុយណេ ( Hassanal Bolkiah Trophy 2018 ) បានបញ្ចប់កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ ដោយ កម្ពុជា យកឈ្នះ មីយ៉ាន់ម៉ា ២-១ រីឯ ទីម័រខាងកើត ឈ្នះ សិង្ហបុរី ២-១ ផងដែរ។

ជ័យជម្នះរបស់កម្ពុជា បានធ្វើឲ្យពួកគេក្លាយជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ពោលគឺចាប់តាំងពីពានរង្វាន់នេះបង្កើតឡើងកាលពីឆ្នាំ ២០០២ មកម្ល៉េះ ដោយកាលនោះលទ្ធផលល្អបំផុតគឺទទួលបានចំណាត់ថ្នាក់លេខ៣ ។

យុវជនរបស់ក្លិបក្រសួងការពារជាតិ កីឡាករ ណារ៉ុង កក្កដា បង្ហាញថាមពលនៃកម្លាំងជើងរបស់ខ្លួន ដោយស៊ុតចូល ២ គ្រាប់ គឺសុទ្ធតែជាគ្រាប់បាល់អស្ចារ្យ ។

ដូចនេះ U21 កម្ពុជា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជាមួយនឹង ទីម័រខាងកើត នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៨ខាងមុខនេះ វេលាម៉ោង ៧:៣០នាទីយប់ (ម៉ោងកម្ពុជា) ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT