បើអ្នកជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ជឿថាប្រាកដជាដឹងច្បាស់អំពីអត្ថន័យនៃការប្រើប្រាស់កាតលឿង និងកាតក្រហមរបស់អាជ្ញាកណ្ដាលលើទីលាន។ និយាយយ៉ាងខ្លីទៅ កាតលឿង ២ ស្មើកាតក្រហម ១ ហើយកីឡាករដែលទទួលកាតក្រហមនឹងត្រូវបណ្តេញចេញពីការប្រកួត ឬព្យួរឈ្មោះទៅប្រកួតក្រោយ។
ចុះអ្នកធ្លាប់លឺដែរទេ ពីការលើកកាតបៃតង តើវាជាការដាក់ពិន័យធ្ងន់ធ្ងរកម្រិតណាទៅ ឬជាកាតដែលសំដៅទៅអត្ថន័យផ្សេង? តាមរយៈអត្ថបទនេះ CTS Sports នឹងជីកកកាយលើកមកបង្ហាញនូវរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងដើមកំណើតនៃកាតបៃតង ក៏ដូចជាការប្រើប្រាស់វានៅក្នុងការប្រកួត៖
តាមពិតទៅកាតបៃតងកើងឡើងយូរណាស់មកហើយ ដោយតាំងពីមុនឆ្នាំ ២០០០ ទៅទៀត។ នោះគឺក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិហៅកាត់ IFAB ដែលជាអ្នករៀបរៀងច្បាប់ក្នុងការប្រកួតបាល់ទាត់ បានបង្កើតច្បាប់លើកកាតបៃតងនេះឡើងទៅក្នុងការប្រកួតនៅតំបន់មួយចំនួន តែក្រោយមកបានសម្រេចលុបវាចោលវិញនៅឆ្នាំ ២០០៣។
កាលនោះកាតពណ៌បៃតង នៅពេលដែលអាជ្ញាកណ្ដាលលើកវាឡើង មានន័យថា ត្រូវការក្រុមគ្រូពេទ្យជាបន្ទាន់ឲ្យលើកហ្រ្វង់ការចូលទីលាន ដើម្បីសែងកីឡាកររបួសចេញ តែក្រោយមកត្រូវប្តូរមកប្រើប្រាស់ដូចពេលបច្ចុប្បន្ននេះវិញ ដោយត្រឹមតែអាជ្ញាកណ្ដាលលើកដៃជាសញ្ញា ជំនួសការលើកកាតពណ៌បៃតង។
រឿងរ៉ាវកាតបៃតងក៏ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ រហូតមកទល់ឆ្នាំ ២០១៦ ទើបមានការសម្រេចដាក់ឲ្យប្រើប្រាស់វាសារជាថ្មី តែនៅគោលបំណងផ្សេងគ្នាពីឆ្នាំ ២០០៣។ នោះគឺសហព័ន្ធបាល់ទាត់អ៊ីតាលីបានអនុម័តឲ្យប្រើប្រាស់ការលើកកាតបៃតងនៅក្របខ័ណ្ឌ Serie B ដែលជាលីគលំដាប់ទីពីរនៅអ៊ីតាលី ដោយត្រូវផ្តល់ជូនទៅកាន់កីឡាករដែលមានលក្ខណៈ Fair Play ឬលេងដោយសុក្រឹតនិងយុត្តិធម៌។
នៅ Serie B កាតបៃតងត្រូវបានផ្តល់ឲ្យកីឡាករជាលើកដំបូង តែនេះពុំបានលើកបង្ហាញផ្ទាល់ក្នុងការប្រកួតទេ ដោយត្រឹមតែកត់ចំណាំទុកពីសំណាក់អាជ្ញាកណ្ដាល។ នោះគឺនៅការប្រកួតរបស់ក្លឹប Vicenza ដោយកីឡាករ Cristian Galano បានក្លាយជាកីឡាករទីមួយ ដែលទទួលបានកាតបៃតង។
វាកើតឡើងក្រោយការស៊ុតរបស់ Galano ចេញទៅក្រៅ ហើយអាជ្ញាកណ្ដាលបានសម្រេចផ្តល់បាល់ជ្រុង ដោយគិតថា បាល់បានហោះប៉ះខ្សែការពាររបស់ក្រុមម្ខាងទៀត តែរឿងគួរឲ្យគោរពបានកើតឡើង ដោយ Galano បានមកប្រាប់អាជ្ញាកណ្តាលដោយផ្ទាល់ ថាបាល់នោះមិនបានប៉ះខ្សែការពារខាងក្រុមគូប្រជែងទេ ពោលជាការស៊ុតរបស់ខ្លួនចេញទៅក្រៅ អ៊ីចឹងមិនត្រូវផ្តល់បាល់ជ្រុងមកឲ្យក្រុមរបស់ខ្លួនឡើយ។
Cristian #Galano del @VicenzaCalcio è stato il destinatario del primo Cartellino Verde: ecco perchè 😉 #SerieB #CalcioVero pic.twitter.com/orq9barJwq
— Lega B (@Lega_B) October 4, 2016
បើសួរថា តើកាតបៃតងផ្តល់ផលចំណេញអ្វីសម្រាប់កីឡាករ? ចម្លើយ៖ គឺប្រសិនកីឡាករណាទទួលបានកាតបៃតងច្រើនជាងគេ នៅបញ្ចប់រដូវកាលនោះពួកគេនឹងទទួលបានរង្វាន់លើកទឹកចិត្ត។
យ៉ាងណាមកទល់ឆ្នាំ ២០១៨ កំឡុងព្រឹត្តិការណ៍ FIFA World Cup សមាគមបាល់ទាត់ CONIFA ដែលមិនជាប់ពាក់ព័ន្ធនឹង FIFA ក៏បានដាក់សំណើឲ្យបង្កើតកាតបៃតង លើគោលដៅមួយផ្សេងទៀត តែចុងក្រោយការស្នើ មិនទទួលបានជោគជ័យ។
គោលដៅរបស់សមាគម CONIFA កាលនោះ គឺពួកគេចង់ឲ្យក្នុងពិភពបាល់ទាត់មានកាតចំនួន ៣ ដោយមានកាតលឿង កាតក្រហម ហើយកាតបៃតង។ កាតបៃតងសារនេះ ប្រសិនកីឡាករណាទទួលបាន នោះពួកគេនឹងត្រូវបណ្ដេញចេញពីការប្រកួត ប៉ុន្តែគ្រូបង្វឹកអាចមានសិទ្ធប្តូរអ្នកផ្សេងមកលេង Role របស់គេជំនួស ពោលមានន័យថា ស្រដៀងនឹងកាតក្រហមដែរ តែដកត្រឹមកីឡាកររងពិន័យ ហើយ Role នោះអាចមានអ្នកផ្សេងមកជំនួសបាន។ ប៉ុន្តែសោកស្ដាយសំណើនេះ មិនត្រូវបានសមាគមបាល់ទាត់ពិភពលោក FIFA សម្រេចអនុម័តឲ្យប្រើប្រាស់នោះទេ៕