វែលមិនអាចយកបានជ័យជម្នះដូចការគ្រោងទុករបស់មតិភាគច្រើន ដោយរងបរាជ័យក្រោមលទ្ធផល ៤-០ ទល់ដាណឺម៉ាក នៅការប្រកួតវគ្គ ១៦ ក្រុម Euro 2020 កាលពីយប់មិញ។
ក្រោយចប់ការប្រកួតខ្សែប្រយុទ្ធស្លាបវ័យ ៣១ ឆ្នាំ Gareth Bale ក៏បានបង្ហាញការសោកស្តាយ ហើយក៏ទទួលបានសំណួរចាក់ដោតមួយពីអ្នកសារព័ត៌មានរបស់ស្ថាប័ន BBC Sport តែលោកបែរជាមិនឆ្លើយ ហើយដើរចេញធ្វើព្រងើយ។
នោះគឺពេលគេសួថា៖ “តើនេះអាចជាប្រកួតចុងក្រោយដែលលោកលេងឲ្យជម្រើសជាតិវែលដែរឬយ៉ាងណា”។ ចម្លើយរបស់ Bale គឺជាការដើរចេញ ហើយក៏គ្មាននរណាអាចបកស្រាយបានដែរ ថាការដើរចេញនោះស្មើនឹងចម្លើយបែបណាមួយសម្រាប់កីឡាកររបស់ក្លឹប Real Madrid។
G'WAN GARETH! pic.twitter.com/3oUZhJvKWS
— Rich Arrowsmith (@RichArrowsmith) June 26, 2021
គួររំឭកថា Bale បានមកចូលរួមឲ្យជម្រើសជាតិវែលតាំងពីឆ្នាំ ២០០៦ សរុបមាន ៩៥ ប្រកួតហើយ ដោយរកបាន ៣៣ គ្រាប់ឲ្យក្រុម។ យ៉ាងណា Bale មិនធ្លាប់ឈ្នះពានរង្វាន់ណាមួយនៅជម្រើសជាតិឡើយ តែបើនិយាយពីឈ្មោះកីឡាករល្អបំផុតប្រចាំក្រុមគឺ Bale ស៊ីដាច់តាំងពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០១៦៕
ប្រភព៖ Goal