អ្នកចាត់ការក្រុមជម្រើសជាតិបែលហ្សិក Roberto Martinezបាននិយាយនៅសន្និសីទសារព័ត៌មានមុនបើកការប្រកួត ទល់ព័រទុយហ្គាល់ ថាក្រុមរបស់ខ្លួនគ្មានផែនការណ៍ពិសេសអ្វីនោះទេក្នុងការតាមបិទ Cristiano Ronaldo ពោលគឺចាត់ទុកលោកដូចជាកីឡាករឯទៀតរបស់ព័រទុយហ្គាល់អ៊ីចឹងដែរ។
ជាការពិតនៅយប់នេះវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ នឹងមានការប្រកួតរវាងបែលហ្សិក ទល់ព័រទុយហ្គាល់ នៅវគ្គ ១៦ ក្រុមចុងក្រោយ Euro 2020 ហើយក្រុមឈ្នះនឹងត្រូវឡើងទៅប៉ះអ៊ីតាលីនៅវគ្គបន្ទាប់។
ទៅមើលការលើកឡើងរបស់លោក Martinez បញ្ជាក់ថា៖ “បើយើងរៀបផែនការណ៍តាមបិទតែកីឡាករសំខាន់ នោះយើងអាចនឹងទទួលការឈឺចាប់ដោយកីឡាករផ្សេងទៀតលើទីលាន អ៊ីចឹងការលេងប៉ះព័រទុយហ្គាល់ គឺយើងមិនមែនតាមបិទតែ Cristiano Ronaldo ទេ គឺយើងសម្លឹងមើលកីឡាករ ១០ រូបទៀតរបស់ព័រទុយហ្គាល់នៅពេលតែមួយនោះដូចគ្នា”។
លោកបន្ថែម៖ “យើងត្រូវតែការពារជាក្រុម ដោយជាការពិតយើងតែងតែគិតទុកជាមុនអំពីគូប្រជែង យើងត្រូវមានព័ត៌មានរបស់ពួកគេ តែនេះខ្ញុំគិតថាយើងទទួលបានហើយ វាក៏ជាអ្វីដែលយើងកំពុងផ្តោត”៕
ប្រភព៖ BeSoccer