ភ្នាក់ងាររត់ការឲ្យ Jack Grealish ត្រូវបានគេរាយការណ៍ ថាបានសម្រេចការចរចាជាមួយភាគីក្លឹបអាណាព្យាបាល Aston Villa រួចរាល់ហើយ ដោយព្រមអនុញ្ញាតឲ្យកីឡាករចាកចេញនៅទីផ្សារដោះដូររដូវក្តៅខាងមុខ ពោលគឺនឹងប្រព្រឹត្តិទៅក្រោយចប់ព្រឹត្តិការណ៍ Euro 2020។
Grealish សព្វថ្ងៃកំពុងជាប់ភារកិច្ចជួយក្រុមជម្រើសជាតិអង់គ្លេស ត្រៀមតទល់ក្រុមខ្លាំងអាល្លឺម៉ង់នៅវគ្គ ១៦ ក្រុមចុងក្រោយ។ សុពលភាពកុងត្រារបស់បុរសវ័យ ២៥ ឆ្នាំជាមួយ Villa ត្រូវផុតនៅឆ្នាំ ២០២៥ ឯណោះ តែដោយសារមើលឃើញថាកំពុងលេងល្អ ក៏មានក្លឹបរួមលីគជាច្រើនចង់បានគេ។
តាម TheSun ចុះផ្សាយថា ក្នុងចំណោមក្លឹបជាច្រើនដែលចង់បាន Grealish គឺមានក្លឹបមួយសង្ឃឹមខ្ពស់បំផុត នោះគឺ Man City ដែលទំនងជាសម្រេចនាំយកខ្សែបម្រើខាងលើនៅតម្លៃផ្ទេរ ១០០ លានផោន ក្រោយចប់ Euro នៅខែក្រោយ។
គួរបញ្ជាក់ថា Grealish រកបាន ៣២ គ្រាប់និង Assist ៤៣ លើកនៅការបង្ហាញខ្លួន ២១៣ ប្រកួតសរុបឲ្យ Villa។ នៅប្រកួតចុងក្រោយទល់ឆេក លោក Southgate ក៏បានដាក់ Grealish ឲ្យលេងបាន ៦៨ នាទីផងដែរ ហើយទម្រង់លេងរបស់គេទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រ៕
ប្រភព៖ Sportsmole