បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹបនៅអេស្ប៉ាញ Atletico Madrid នៅរយៈពេលចុងក្រោយនេះក៏មានដំណឹងថាបណ្តាក្លឹបធំៗនៅអង់គ្លេស បានចាប់ចិត្តលើគ្រាប់ពេជ្រដែល Barcelona បោះបង់ចោល នោះគឺ Luis Suarez។
ជាមួយការសម្របខ្លួនបានយ៉ាងល្អក្រោមការដឹកនាំរបស់លោក Diego Simeone ក៏មានពាក្យថា ក្លឹបដូចជា Chelsea, Liverpool និង Man Utd ជាដើម មើលឃើញពីសមត្ថភាពរបស់កីឡាករអ៊ុយរុយហ្គាយ។
យ៉ាងណាតាមការបញ្ជាក់ថ្មីៗនេះ បុរសវ័យ ៣៤ ឆ្នាំ បានប្រាប់ច្បាស់ៗថា បើក្រៅពីក្លឹប Liverpool នៅអង់គ្លេសប្រហែលគ្មានក្លឹបណាដែលងាយត្រូវចិត្តរបស់ខ្លួននោះទេ។ ប្រាប់ World Soccer Magazine ខ្សែប្រយុទ្ធកណ្តាលខាងលើនិយាយ៖ “លេងឲ្យក្លឹបដទៃក្រៅពី Liverpool នៅអង់គ្លេស គឺជារឿងដែលពិបាកនឹងធ្វើសម្រាប់ខ្ញុំ”។
លោកបន្ថែមថា៖ “ខ្ញុំនៅតែមានទំនាក់ទំនងល្អជាមួយអ្នកគាំទ្រ Liverpool ហើយវាជារឿងចម្លែកបើខ្ញុំទៅលេងឲ្យក្លឹបដទៃ និយាយទៅ Liverpool ជាក្រុមដែលព្យាយាមច្រើនរដូវកាលមកហើយ ពេលនេះពួកគេបានត្រលប់មកចំណុចដែលពួកគេចង់បាន ជាមួយនឹងការឈ្នះពានក្នុងលីគនៅពេលកន្លងមក”៕
ប្រភព៖ SoccerLaduma