ក្រុម Roma នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Liverpool នារាត្រីម៉ោង១:៤៥នាទីនេះ ក្នុងជើងទី២ ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គូនេះដែរ កាលពីជើងទី១កន្លងទៅ Liverpool ស៊ី Roma បាន ៥-២ទៅហើយ។ ស្របពេលជើងទី២នេះវិញ ថាតើក្រុម Roma អាចវាយបកបាន៣គ្រាប់វិញ ដូចកាលពួកគេធ្វើបានទល់ក្រុម Barcelona ដែរឬទេ?
អ្នកចាត់ការ
លោក Eusebio Di Francesco អ្នកចាត់ការក្រុម Roma បាននិយាយថាក្រុមរបស់លោកនឹងធ្វើឱ្យបានដូចកាលប៉ះ Barcelona ដែរ។ វាជារឿងពិបាកក្នុងវាយបក ប៉ុន្តែនៅទឹកដីរបស់ខ្លួន អ្វីក៏អាចកើតមានបានដែរ។ ក្រុមទាំងមូលមានចិត្តចង់ឈ្នះគ្រប់គ្នា ដើម្បីឡើងទៅវគ្គបន្ដ។
ដោយឡែកសម្រាប់លោក Klopp អ្នកចាត់ការក្រុម Liverpool វិញ បានបញ្ជាក់ដែរថាលោកនាំក្រុមមកទីនេះ ដើម្បីបន្ដក្ដីស្រមៃរបស់ខ្លួន។ មនុស្សជាច្រើនកំពុងតែគិតថា Roma រកបាន៣គ្រាប់ ពួកគេនឹងឡើងទៅហើយ ប៉ុន្តែជាក់ស្ដែងវាមិនងាយស្រួលនោះទេ។ Liverpool មកលេងនៅជើងទី២នេះ ក៏ពួកគេចង់បានលទ្ធផលល្អ ឡើងវគ្គផ្ដាច់ព្រ័ត្រដែរ។
កីឡាកររបួស
ម្ចាស់ផ្ទះ Roma មានកីឡាកររបួសច្រើន ដូចជា Karsdorp និង Defrel របួសជង្គង់មិនអាចលេងបាន។ Perotti របួសសរសៃកែង ស្របពេលដែល Strootman វិញ មានបញ្ហារបួសឆ្អឹងជំនី។ ដូច្នេះជម្រើស១១នាក់អាចជា Alisson; Florenzi, Manolas, Fazio, Kolarov; Nainggolan, De Rossi, Pellegrini; Schick, Džeko, El Shaarawy។
សម្រាប់ក្រុម Liverpool វិញ ក៏មានកីឡាករអវត្តមានច្រើនដែរនារាត្រីនេះ ដូចជា Matip , Oxlade-Chamberlain , Can និង Gomez ។ ជម្រើស១១នាក់ដំបូងរបស់ហង្សក្រហមអាចជា Karius; Alexander-Arnold, Lovren, Van Dijk, Robertson; Wijnaldum, Henderson, Milner; Salah, Firmino, Mané។