Rooney ទទូច​ប្រាប់​អ្នក​គាំទ្រ​អង់គ្លេស ថា​កុំ​បន្ត​ធ្វើ​រឿង​នេះ​ទៀត ជា​ទង្វើ​មិន​ត្រឹមត្រូវ​ទេ

Wayne Rooney ក៏​បាន​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន​នៅ​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន​និង​អង់គ្លេស ដែល​ក្រុម​ទាំង​ពីរ​បញ្ចប់​ត្រឹម​លទ្ធផល ០-០ កាល​ពី​ថ្ងៃ​មុន​ដែរ ហើយ​លោក​បាន​ឃើញ​ថា សកម្មភាព​របស់​អ្នក​គាំទ្រ​នៅ​ឯ​កីឡដ្ឋាន​បាន​ស្រែក​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​មក​លើ​តោ​កំណាច ដែល​នេះ​ជា​ទង្វើ​ដែល​មិន​គប្បី​កើត​ឡើង​ឡើយ។

អង់គ្លេស​នៅ ២ ជុំ​ដំបូង​បាន​ត្រឹម​ឈ្នះ ១-០ ទៅ​លើ​ក្រូអាត និង​ស្មើ ០-០ ទៅ​លើ​ស្កុតឡែន ហើយ​នៅ​ជុំ​ទី ៣ ត្រៀម​ប៉ះ​ឆែក​នៅ​ពេល​ខាង​មុខ ដើម្បី​សម្រេច​ថា​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ១៦ ក្រុម​ឬ​អត់។

យ៉ាង​ណា​មក​មើល​ការ​លើក​ឡើង​របស់​ Rooney ជា​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ជម្រើស​ជាតិ បាន​និយាយ​ប្រាប់ The Times ថា៖ “ខ្ញុំ​ក៏​នៅ​ Wembley ជាមួយ​កូន​ប្រុស​ខ្ញុំ​ដែរ​ពេល​នោះ ហើយ​ក្រោយ​ចប់​ការ​ប្រកួត អ្នក​គាំទ្រ​នៅ​ជុំវិញ​ពួក​យើង​បែរ​ជា​ស្រែក​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ក្រុម [អង់គ្លេស]”។

លោក​បន្ត៖ “នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​កាល​ខ្ញុំ​លេង​ឲ្យ​អង់គ្លេស គឺ​ទទួល​បាន​អារម្មណ៍​បែប​ហ្នឹង​មិន​ក្រោម ១ លើក​ឡើយ តែ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា សកម្មភាព​បែប​ហ្នឹង​ពុំ​បាន​ជួយ​ឲ្យ​កីឡាករ​ឬ​ក្រុម​លេង​ល្អ​ជាង​មុន​នោះ​ទេ ហើយ​ខ្ញុំ​ជឿជាក់​លើ​ក្រុម​គឺ​ពួក​គេ​ផ្តល់​ឲ្យ​​អស់ ១០០ ភាគរយ​ ពោល Gareth Southgate និង​កីឡាករ​របស់​គាត់​មិន​សក្តិសម​ទទួល​បាន​ទង្វើ​បែប​ហ្នឹង​ពី​អ្នក​គាំទ្រ​ឡើយ ចូរ​ប្រើ​អារម្មណ៍​អត់ធ្មត់​ជាមួយ​ពួក​គេ​ផង”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT