Griezmann ថា Benzema ជួយក្រុមបារាំងបានច្រើន ទោះមិនទាន់រកគ្រាប់បាល់បាន

Antoine Griezmann ថាវត្តមានរបស់កីឡាករ Karim Benzema ពិតជាជួយក្រុមជម្រើសជាតិបារាំងបានច្រើនកន្លងមកនេះ បើទោះជារូបគេនៅមិនទាន់រកគ្រាប់បាល់បានក៏ដោយ។

បារាំង នៅមិនទាន់ធានាកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយនោះទេ ឆ្លងកាត់២ប្រកួតមកនេះ។ ដោយបានត្រឹម៤ពិន្ទុប៉ុណ្ណោះ ដោយសារតែប្រកួតចុងក្រោយជាមួយហុងគ្រីបានត្រឹមស្មើគ្នា ១-១ ។ ការមិនទាន់ប្រាកដឡើងវគ្គបន្ដនេះដែរ ពួកគេនឹងត្រូវតានតឹងខ្លាំង ដោយសារតែប្រកួតចុងក្រោយប៉ះជាមួយក្រុមព័រទុយហ្គាល់ថែមទៀត។

ការធ្វើមិនបានល្អនៅប្រកួតជាមួយហុងគ្រីនោះដែរ បានធ្វើឱ្យគេដាក់ចម្ងល់ថាបារាំងគួរបន្ដឱ្យ Benzema ជាប់ជម្រើស១១នាក់ដំបូងទៀត ឬយ៉ាងណា ព្រោះរូបគេមានឱកាសល្អៗច្រើនដែរកន្លងមក តែមិនអាចសម្រេចទីបាន។ ដោយឡែកចំពោះរឿងនេះ Griezmann បាននិយាយគាំទ្រមិត្តរួមក្រុមខ្លួនជាខ្លាំង។

កីឡាករលេងឱ្យក្លឹប Barcelona បាននិយាយថា៖ “Karim គ្មានអ្វីត្រូវសង្ស័យទេ គាត់ត្រៀមរូចហើយសម្រាប់រកគ្រាប់បាល់។ គាត់ជួយយើងច្រើនកន្លងមក ហើយប្រសិនបើគាត់អាចរកគ្រាប់បាល់បាន នោះគ្រប់យ៉ាងនឹងល្អប្រសើរវិញហើយ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT