Memphis Depay ថា​ចង់​ភ្លក់​រសជាតិ​ពិសេស​នេះ នៅ​ក្លឹប​ថ្មី Barcelona

ក្រោយ​ជាប់​គាំង​ក្នុង​ចចាមអារ៉ាម​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ទី​បំផុត Memphis Depay បាន​សម្រេច​ការ​ផ្ទេរ​មក​ក្លឹប​ថ្មី Barcelona ជា​ផ្លូវការ​ហើយ ដោយ​នេះ​ជា​ការ​ផ្ទេរ​លើ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ក្រោយ​អស់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​ចាស់ Lyon។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់​រូប​នេះ នឹង​មក​ចូលរួម​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​រួម​សញ្ជាតិ​លោក Ronald Koeman ហើយ​ក៏​មាន​សង្ឃឹម​ថា​អាច​ជាប់​ជម្រើស​ដំបូង​ច្រើន​ផង​ដែរ។ បច្ចុប្បន្ន​គេ​កំពុង​ជាប់​ភារកិច្ច​ជួយ​ជម្រើស​ជាតិ​ហូឡង់​នៅ​ Euro 2020 ដែល​ត្រៀម​នឹង​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​នា​ពេល​ខាង​មុខ។

Depay បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់ Barcelona ថ្មីៗ​នេះ​ថា៖ “ក្តីស្រមៃ​ចង់​មក​ចូលរួម​នៅ​ក្លឹប​ធំ​បំផុត​ក្នុង​លោក​របស់​ខ្ញុំ បាន​ក្លាយ​ជា​ការ​ពិត ដោយ​ខ្ញុំ​ពិត​ជា​ចង់​អរគុណ​ដល់​ប្រធាន​ក្លឹប​និង​អ្នកចាត់ការ​លើ​ការ​ចុះ​ហត្ថលេខា​នេះ ហើយ​ទី​បញ្ចប់​យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី Lyon ផង​ដែរ”។

លោក​បន្ត៖ “ខ្ញុំ​នៅ​ចង់​ទទួល​បាន​អារម្មណ៍​ក្នុង​ការ​លេង ដោយ​មាន​អ្នក​គាំទ្រ​ពេញ​កីឡដ្ឋាន និយាយ​ទៅ​ចង់​លេង​នៅ​ពី​មុខ​អ្នក​គាំទ្រ​ដ៏​ច្រើន ហើយ​វា​នឹង​ក្លាយ​ជា​អារម្មណ៍​ដ៏​ពិសេស​មួយ​ជាមួយ​ក្លឹប​នេះ”៕

ប្រភព៖ Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT