អតីតកីឡាករហង្សក្រហមលោក Steve McManaman បាននិយាយថា អង់គ្លេសនឹងមិនអាចរកគ្រាប់បាល់បាននោះទេ បើបន្តលេងបាល់យឺតៗ ហើយមិនអាចចែកបាល់ពីក្រោមចេញមកបានបែបនេះ។
ជាការពិតអង់គ្លេសនៅ ២ ជុំដំបូង មិនទាន់ស្គាល់ពាក្យថាឈ្នះដាច់ ២ គ្រាប់ដូចក្រុមធំៗមួយចំនួននោះទេ ដ្បិតបើស្ថិតក្នុងពូលកម្រិតមធ្យម ហើយខ្លួនជាក្រុមខ្លាំងសម្បូរទៅដោយ Super Star មួយក៏ដោយ។ ជុំទី ១ ឈ្នះក្រូអាត ១-០ ហើយជុំទី ២ បែរជាមកស្មើស្កុតឡែន ០-០ ទៅវិញ។
McManaman និយាយ៖ “Harry Kane មិនមែនគាត់លេងមិនបានល្អទេ តែមកពីអង់គ្លេសលេងបាល់យឺតពេក មិនអាចកាត់បាល់ចុះឡើងលឿន សមល្មមនឹងផ្តល់បាល់ទៅឲ្យខ្សែប្រយុទ្ធជួរមុខ អ៊ីចឹងទោះពួកគេមាន Diego Maradona មាន Cristiano Ronaldo នៅតំបន់ប្រយុទ្ធ ក៏ពួកគេនៅតែមិនអាចមានឱកាសស៊ុត បែបហ្នឹងក៏នៅតែគ្មានគ្រាប់បាល់កើតឡើងដែរ”។
ពិតមែនហើយបើយើងមើលតាមមតិអ្នកគាំទ្របច្ចុប្បន្ន គ្រប់គ្នាកំពុងរំអុកឲ្យលោក Gareth Southgate គួរដកចេញនៅការប្រើប្រាស់ Rice និង Phillips សម្រាប់ឈុតដំបូង ហើយគួរតែជំនួសមកវិញដោយកីឡាករលេងប្រយុទ្ធដូចជា Grealish និង Bellingham ទើបអាចឲ្យក្រុមមានឱកាសវាយសម្រុកល្អជាងនេះ៕
ប្រភព៖ SoccerLaduma