ឡើង​វ៉ៃ​ម្ដង​បាន​រាប់​លាន នេះ​បង្ហាញ​របស់របរ​ថ្លៃ​បំផុត​ទាំង ៥ របស់ Floyd Mayweather

តាម​របាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​របស់ Floyd Mayweather បើ​គិត​មក​ទល់​ពាក់​កណ្ដាល​ឆ្នាំ ២០២១ នេះ លោក​អាច​រក​បាន​ជាង ១,២ ពាន់​លាន​ដុល្លារ​អាមេរិក។

ប្រាក់​ខ្ទង់​រយ​លាន​ដុល្លារ​សម្រាប់ Floyd កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហាក់​មិន​ជា​បញ្ហា​ធំ​ឡើយ​សម្រាប់​លោក ដោយ​ត្រឹម​តែ​ប្រកួត​ធំ ២ លោក​រក​បាន​ជាង​កន្លះ​ពាន់​លាន​ដុល្លារ​ទៅ​ហើយ ពោល​កាល​ប៉ះ Manny Pacquiao នៅ​ឆ្នាំ​ ២០១៥ បាន ២៥០ លាន​ដុល្លារ និង​ប៉ះ Conor McGregor នៅ​ឆ្នាំ ២០១៧ បាន​ ៣០០ លាន​ដុល្លារ។ រី​ឯ​ប្រកួត​ចុង​ក្រោយ​វ៉ៃ​ទល់​ក្មេង​ដៃ​ថ្មី​ដែល​ជា YouTuber គឺ Logan Paul សម្រាប់ Floyd លេច​មុខ​លើ​សង្វៀន​តែ​ប៉ុន្មាន​នាទី លឺ​ថា​រក​បាន​ជាង ២០ លាន​ដុល្លារ​ឯ​ណោះ។

ទន្ទឹម​នឹង​ការ​រក​បាន​ចំណូល​ដ៏​ច្រើន​សន្ធឹក​នេះ តើ​អ្នក​ដឹង​ទេ​ថា បុរស​សញ្ជាតិ​អាមេរិក​ចាយវាយ​លើ​របស់របរ​រស់នៅ​ប្រចាំ​ថ្ងៃ​បែប​ណា​ខ្លះ? ក្នុង​អត្ថបទ​នេះ CTS Sports ជីក​កកាយ​លើក​មក​បង្ហាញ​ នៅ​របស់​ថ្លៃ​បំផុត​ទាំង ៥ ដែល​ Floyd បាន​ចាយវាយ​ទាំង​មិន​ញញើត​ដៃ៖

៥) រថយន្ត​លំដាប់​អភិជន

មិន​មាន​ទិន្នន័យ​ច្បាស់​នោះ​ទេ ថា​ Floyd មាន​រថយន្ត​ប៉ុន្មាន​គ្រឿង​ក្នុង​ដៃ​នៅ​ពេល​បច្ចុប្បន្ន? ប៉ុន្តែ​បើ​ផ្អែក​តាម​បណ្ដុំ​រថយន្ត​លោក​បាន​ចំណាយ​ហើយ​សារព័ត៌មាន​ព័ត៌មាន​ធ្លាប់​ចុះ​ផ្សាយ គឺ​មិន​ក្រោម ៧ គ្រឿង​ឡើយ ដោយ​មាន​គ្រប់​សេរ៊ី​ខ្ពស់ៗ​នៃ​យីហោ Bugatti, Lamborghini, Ferrari, Porsche និង Koenigsegg ​ជា​ដើម។

សរុប​ទៅ​អាច​ចូល​ដល់​ជាង ១០ លាន​ដុល្លារ ព្រោះ​ត្រឹម​តែ​មួយ​គ្រឿង​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​គឺ​ម៉ាក Koenigsegg CCXR Trevita ​មាន​តម្លៃ​ដល់​ជាង ៤,៧ លាន​ដុល្លារ​ទៅ​ហើយ។

៤) គ្រឿងអលង្ការ

របស់​លំអ​ខ្លួន​ភ្លឺ​ចិញ្ចាច​តាំង​ពី​ក្បាល​ដល់​ចុង​ជើង Floyd ធ្លាប់​ចាយ​វាយ​អស់​រាប់​លាន​ដុល្លារ។ របាយការណ៍​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល TMZ ​បាន​​ចុះ​ផ្សាយ ត្រឹម​តែ​ការ​ដើរ Shopping ទៅ​ទិញ​គ្រឿង​អលង្ការ​ពី​ហាង​ Peter Marco នៅ​ឯ​រដ្ឋ California អ្នក​ប្រដាល់​វ័យ ៤៤ ឆ្នាំ ចាយ​អស់ ៥,៣ លាន​ដុល្លារ​ត្រឹម​មួយ​ពព្រិច​ភ្នែក។

ក្នុង​នោះ​មាន​ដូច​ជា​ចិញ្ចៀន​ពេជ្រ VVS តម្លៃ ២,៣ លាន​ដុល្លារ ខ្សែ​ដៃ​ពេជ្រ​តម្លៃ ២,៥ លាន​ដុល្លារ និង​ខ្សែ​ក​មាស Cuban ទម្ងន់​ជិត ១ គីឡូក្រាម​តម្លៃ ៥០ មុឺន​ដុល្លារ។​

៣) នាឡិកា​តម្លៃ​កប់​ពពក

អាច​និយាយ​បាន​ថា Floyd ជា​អត្តពលិក​ដែល​ហ៊ាន​ចំណាយ​លើ​តម្លៃ​នាឡិកា​ខ្ពស់​ជាង​គេ​បង្អស់​ក្នុង​លោក ដែល​មួយ​គ្រឿង​ដែល​លោក​ប្រើប្រាស់​មាន​តម្លៃ​ដល់​ទៅ ១៨ លាន​ដុល្លារ។

នាឡិកា​លំដាប់​មហាសេដ្ឋី​មួយ​គ្រឿង​នេះ ផលិត​ដោយ​ក្រុមហ៊ុន Jacob&Co, ដោយ​មាន​ដាំ​ពេជ្រ​ចំនួន ២៨០ ការ៉ាត់ កើត​ចេញ​ពី​សមាសធាតុ​បង្គំ ១៦៧ ផ្សេង​ពី​គ្នា ដែល​វា​មាន​តែ​មួយ​គត់​ក្នុង​លោក។

២) ភូមិគ្រឹះ​នៅ​ទីក្រុង Los Angeles

ដ្បិត​វា​មិន​មាន​តម្លៃ​ឈរ​នៅ​លំដាប់​កំពូល បើ​ធៀប​នឹង​ភូមិគ្រឹះ​តម្លៃ​រយ​លាន​ឯ​ទៀត​ក្នុង​ទីក្រុង Los Angeles តែ​តម្លៃ ២៥ លាន​ដុល្លារ​សម្រាប់​អត្តពលិក គឺ​រាប់​បាន​ ​ជា​តម្លៃ​កប់​ពពក​មួយ​ហើយ។

នៅ​ខាង​ក្នុង​ភូមិគ្រឹះ​របស់ Floyd ក៏​មាន​បំពាក់​នូវ​របស់របរ​ដ៏​ប្រណីត​ជា​ច្រើន ហើយ​ក៏​មាន​ចុងភៅ​ឯកជន​លំដាប់​ផ្កាយ ស៊ី​ថ្លៃ​រាប់​សិប​មុឺន​ដុល្លារ​ក្នុង​មួយ​ខែៗ ដើម្បី​តែ​ចម្អិន​ម្ហូប​អាហារ​ឈ្ងុយឆ្ងាញ់​ជូន​ដល់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​រូប​នេះ។

១) យន្តហោះ​ឯកជន

យន្តហោះ Gulfstream G650 ដែល​ត្រូវ​បាន Floyd ដាក់​ឈ្មោះ​ឲ្យ​ថា “Air Mayweather” ជា​យន្តហោះ​ដ៏​ប្រណីត​មួយ​ដែល​មាន​តម្លៃ​ដល់​ទៅ ៦០ លាន​ដុល្លារ​ឯ​ណោះ។ យន្តហោះ​នេះ​ Floyd ធ្លាប់​ជិះ​ទៅ​មក​ច្រើន​សារ​មក​ហើយ ដោយ​វា​មាន​ចំណុះ​អាច​ផ្ទុក​អ្នក​ដំណើរ ១៥ នាក់។

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ២ ជាមួយ​យន្តហោះ​នេះ គឺ​នៅ​ផ្នែក​ស្លាប​មាន​ឆ្លាក់​លេខ ៥០-០ ដែល​តំណាង​ឲ្យ​ស្ថិតិ​ប្រកួត​មិន​ដែល​ចាញ់​របស់​លោក ហើយ​នៅ​លើ​កម្រាល​ជើង​ដែល​លោក​ត្រូវ​ជាន់​ពេល​ចុះ​ពី​លើ​យន្តហោះ​ម្តងៗ មាន​ពាក្យ​ថា “TBE” តំណាង​ឲ្យ​ពាក្យ​ពេញ “The Best Ever” ដែល​មាន​ន័យ​ថា ជា​អ្នក​ប្រដាល់​ល្អ​បំផុត​គ្រប់​ពេលវេលា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT