បារាំងជាប់ទំនាយមិនអាចដោះបាន ឬមកពីលេសនេះដូច Griezmann លើកឡើង ទើបលេងមិនឈ្នះហុងគ្រី?

ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ ២ ជុំ ពូល F ដែល​ជា​ពូល​មរណៈ​ប្រចាំ​វគ្គ​ចែក​ពូល Euro 2020 មិន​ទាន់​សម្រេច​រក​ឃើញ​ក្រុម​ណា​មួយ​ដែល​អាច​ធានា​សុវត្ថិភាព ១០០ ភាគរយ ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់​នោះ​ទេ។ លទ្ធផល​ដ៏​ភ្ញាក់ផ្អើល​បាន​កើត​ឡើង ដោយ​បារាំង​ជា​ក្រុម​ឈ្នះ​ជើង​ឯក World Cup 2018 បែរ​ជា​មិន​អាច​យក ៣ ពិន្ទុ​ពី​ក្រុម​ហុងគ្រី ហើយ​បាន​ត្រឹម​ស្មើ ១-១ ខណៈ​ដែល​ជំនួប​អាល្លឺម៉ង់ ទល់​ព័រទុយហ្គាល់ បាន​កើត​ឡើង​គ្រាប់​បាល់​ដល់​ទៅ ៦ គ្រាប់ ក្រោម​លទ្ធផល ៤-២។

ដ្បិត​បើ​បារាំង​ពេល​នេះ​មាន ៤ ពិន្ទុ​ឈរ​នៅ​លេខ ១ ក្នុង​ពូល តែ​មិន​ទាន់​អាច​ធានា​នោះ​ទេ ថា​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ១៦ ក្រុម ដោយ​វា​ជា​ការ​សោកស្ដាយ​បំផុត​មួយ ព្រោះ​បើ​អាច​យក​ឈ្នះ​ហុងគ្រី​នៅ​ជុំ​ទី ២ នោះ​ក្រុម​មាន់​គក ពេល​នេះ​ស្រួល​ចិត្ត​អស់​កង្វល់​បាត់​ទៅ​ហើយ។

បញ្ជាក់​ថា​នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី ៥ រវាង​ហុងគ្រី​និង​បារាំង ហើយ​ស្ថិតិ​សរុប​ជា​រួម គឺ​ហុងគ្រី ឈ្នះ ៣ ស្មើ ២ មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់”។ យើង​រំឭក​ការ​ប៉ះ​គ្នា​ទាំង ៥ លើក​ដូច​ខាង​ក្រោម៖

  • ខែ​មេសា ឆ្នាំ ១៩៦៤ ហុងគ្រី យក​ឈ្នះ បារាំង ៣-១
  • ខែ​ឧសភា ឆ្នាំ ១៩៦៤ ហុងគ្រី យក​ឈ្នះ បារាំង ២-១
  • ខែ​មេសា ឆ្នាំ ១៩៧១ ហុងគ្រី ស្មើ បារាំង ១-១
  • ខែ​តុលា ឆ្នាំ ១៩៧១ ហុងគ្រី យក​ឈ្នះ បារាំង ២-០
  • ខែ​មិថុនា ឆ្នាំ ២០២១ ហុងគ្រី ស្មើ បារាំង ១-១

ពាក់ព័ន្ធ​នឹង​លទ្ធផល​សារ​នេះ​ដែរ មតិ​ខ្លះ​យល់​ឃើញ​ថា មក​ពី​វា​ជា​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​កែប្រែ​បាន ដែល​បារាំង​មិន​ធ្លាប់​លេង​ឈ្នះ​ហុងគ្រី​តាំង​ពី​ដំបូង​មក​ហើយ តែ​សម្រាប់ Antoine Griezmann មិន​យល់​ឃើញ​ដូច្នោះ​ទេ ផ្ទុយ​ទៅ​វិញ​ថា​មក​ពី​ សំឡេង​ហ៊ោកញ្ជ្រៀវ​របស់​អ្នក​គាំទ្រ​ហុងគ្រី​នៅ​ឯ​កីឡដ្ឋាន​ទៅ​វិញ។

ប្រាប់ beIN Sports ក្រោយ​ចប់​ការ​ប្រកួត កីឡាករ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​បារាំង និយាយ​ថា៖ “យើង​មិន​ទាន់​អាច​សម្រប​បាន​នឹង​ការ​លេង​លើ​ទីលាន ជាមួយ​បរិយាកាស​បែប​នេះ​នៅ​ឡើយ​ទេ ដោយ​កន្លង​មក​វា​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​ទម្លាប់ ក្នុង​ការ​លេង​ដោយ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​កីឡដ្ឋាន យើង​ក៏​បាន​ដឹង​មុន​ហើយ​ដែរ​ថា​នេះ​នឹង​ក្លាយ​ជា​ប្រកួត​ដ៏​ស្មុគស្មាញ​មួយ”។

ជា​ការ​ពិត​កីឡដ្ឋាន Puskas Arena ក្នុង​ទីក្រុង Budapest ប្រទេស​ហុងគ្រី គឺ​ជា​កីឡដ្ឋាន​តែ​មួយ​គត់​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 ដែល​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ពេញ ១០០ ភាគរយ ហើយ​នៅ​ជំនួប​ជុំ​ទី ២ រវាង​ហុងគ្រី-បារាំង មាន​អ្នក​គាំទ្រ​ដល់​ទៅ ៦១ ០០០ នាក់ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​គាំទ្រ​របស់​ហុងគ្រី ហើយ​អ្នក​គាំទ្រ​បារាំង​មាន​តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​ក្នុង​កីឡដ្ឋាន។

សំឡេង​កង​រំពង​ពី​ការ​ស្រែក​ហ៊ោកញ្ជ្រៀវ និង​បន្ទុះ​នៃ​ស្គរ បាន​ពន្លឺ​ឡើង​តាំង​ពី​នាទី​ទី ១ ដល់​នាទី​ទី ៩០ ហើយ​វា​ជា​បរិយាកាស​មួយ​ដែល​កីឡាករ​ខកខាន​ជួប​ប្រទះ​រយៈ​ពេល​ជាង ១ ឆ្នាំ​កន្លះ​មក​ហើយ ពោល​ចាប់​តាំង​ពី​ខែ​មិនា ឆ្នាំ ២០២០ ក្រោយ​បាល់ទាត់​ផ្អាក​ឲ្យ​លែង​មាន​អ្នក​ចូល​ទស្សនា​ដោយសារ​ជំងឺ​រាតត្បាត COVID-19។

ជាមួយ​នឹង​អំណោយផល​នៃ​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​ជាង ៧០ ភាគរយ​នៃ​ផ្ទៃ​ប្រទេស និង​ច្បាប់​មិន​សូវ​តឹងរ៉ឹង​របស់​ហុងគ្រី ក៏​នាំ​ឲ្យ UEFA កំពុង​ធ្វើ​ការ​ពិភាក្សា​គ្រោង​ផ្លាស់ប្ដូរ​ពី​ការ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Euro 2020 ពី​កីឡដ្ឋាន Wembley នៅ​ចក្រភព​អង់គ្លេស មក​កីឡដ្ឋាន Puskas Arena ក្នុង​ទឹកដី​ហុងគ្រី​នេះ​វិញ តែ​យ៉ាង​ណា​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ជជែក​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ខាង​រដ្ឋាភិបាល​អង់គ្លេស។

អ៊ីចឹង​យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា ថា​តើ​អាល្លឺម៉ង់ នឹង​អាច​យក​បាន​ ៣ ពិន្ទុ​ពី​ហុងគ្រី​ឬ​អត់​នៅ​ជុំ​ចុង​ក្រោយ តែសារនេះលេងនៅកីឡដ្ឋាន Allianz Arena នៅ​ឯអាល្លឺម៉ង់ ស្រប​ពេល​ដែល​ព័រទុយហ្គាល់​ពួក​គេ​ធ្លាប់ស៊ីហុងគ្រីដល់ក្នុងដី ៣-០ យ៉ាង​ធូរ គ្មាន​រអ៊ូ​មួយ​ម៉ាត់ តែ​ស្ដាយ​បែរ​ជា​មក​ទក់​សាច់​របស់​អាល្លឺម៉ង់​នៅ​ជុំ​ទី ២ នេះ៕

ប្រភព៖ Independent

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT