តើអត្តពលិករូបណាជាបុគ្គលមានឥទ្ធិពលបំផុតនៅលើបណ្ដាញសង្គម ដែលអ្នកធ្លាប់បានស្គាល់? ជាការពិតបើនិយាយក្នុងវិស័យកីឡាបាល់ទាត់ ជឿថាអ្នកគាំទ្រភាគច្រើនប្រាកដជាមិនរំលងឈ្មោះ Cristiano Ronaldo, Lionel Messi និង Neymar Jr នោះទេ។
យ៉ាងណាតាមរយៈការប្រែប្រួលនៅតួលេខថ្មីលើបណ្តាញសង្គម Instagram នាពេលចុងក្រោយនេះ យើងឃើញថាតារាឆ្នើមសញ្ជាតិប្រេស៊ីល Neymar បានបាត់ឈ្មោះចេញពីបញ្ជី Top 10 ហើយ ពោលបើរាប់ជារួមសម្រាប់បុគ្គលទាំងអស់ក្នុងលោក គេបានធ្លាក់មកឈរនៅលេខរៀងទី ១៦ ។
នេះជាការធ្លាក់ចុះយ៉ាងគំហុក ដែលកាលពីខែមករា ឆ្នាំ ២០២០ Neymar នៅឈរលេខ ១០ មិនទាន់មានអ្នកមកប្រជែងបានឡើយ តែប្រហែលជាប្រជាប្រិយភាពមានការធ្លាក់ចុះ ទើបនាំឲ្យការកើនឡើងចំនួន Follower ក៏មានការថមថយដែរនោះ។ គិតត្រឹមពាក់កណ្ដាលខែមិថុនា យើងបង្ហាញបុគ្គល ១០ រូបដែលមាន Follower ច្រើនដាច់គេក្នុងលោក៖
១០) តារាម៉ូដែល Kendall Jenner ជនជាតិអាមេរិក មាន Follower ១៧០ លាននាក់
៩) តន្ត្រីករ Justin Bieber ជនជាតិកាណាដា មាន Follower ១៧៨ លាននាក់
៨) តន្ត្រីករ Beyonce ជនជាតិអាមេរិក មាន Follower ១៨៦ លាននាក់
៧) កីឡាករបាល់ទាត់ Lionel Messi ជនជាតិអាហ្សង់ទីន មាន Follower ២១៨ លាននាក់
៦) តារាម៉ូដែលនិងអ្នកជំនួញស្រី Kim Kardashian ជនជាតិអាមេរិក មាន Follower ២២៩ លាននាក់
៥) តន្ត្រីករនិងតារាសម្ដែង Selena Gomez ជនជាតិអាមេរិក មាន Follower ២៣៨ លាននាក់
៤) តារាសម្ដែងនិងអ្នកជំនួញស្រី Kylie Jenner ជនជាតិអាមេរិក មាន Follower ២៤១ លាននាក់
៣) តន្ត្រីករនិងតារាសម្ដែង Ariana Grande ជនជាតិអាមេរិក មាន Follower ២៤៤ លាននាក់
២) តារាសម្ដែងនិងអ្នកកីឡាកាស Dwayne Johnson ជនជាតិអាមេរិក មាន Follower ២៤៧ លាននាក់
១) កីឡាករបាល់ទាត់ Cristiano Ronaldo ជនជាតិព័រទុយហ្គាល់ មាន Follower ៣០០ លាននាក់
ដូចបានបង្ហាញខាងលើ គឺ Ronaldo ទើបតែបំបែកកំណត់ត្រាថ្មីនាមជាបុគ្គលដំបូងក្នុងលោក ដែលអាចយកបានចំនួន Follower ដល់ទៅ ៣០០ លាននាក់នៅលើ Instagram។ តួលេខនេះ បុរសវ័យ ៣៦ ឆ្នាំនៅចាញ់តែគណនីផ្លូវការរបស់ក្រុមហ៊ុនបង្កើត Instagram ផ្ទាល់តែប៉ុណ្ណោះ ដែលមាន Follower ៣៩៧ លាននាក់។
យើងនឹងរង់ចាំមើលថាតើ Ronaldo អាចបន្តកើនឡើងតួលេខ Follower ដល់យកឈ្នះ ក្រុមហ៊ុនដែលជាស្ថាបនិកផ្ទាល់បានឬយ៉ាងណានៅពេលខាងមុខ? ស្របពេលដែលតួលេខអ្នកប្រើប្រាស់សរុបលើ Instagram គិតមកទល់ឆ្នាំ ២០២១ នេះ មានប្រមាណជាង ១,០៧៤ ពាន់លាននាក់ ដែលនេះតិចជាងបណ្ដាញសង្គម Facebook ដែលមានជាង ២,៨ ពាន់លាននាក់។
បញ្ជាក់ថា ទន្ទឹមនឹងតួលេខ Follower នាំមុខដាច់គេ ក៏នាំឲ្យ Ronaldo អាចកើបចំណូលពីការប្រើប្រាស់ Instagram បានក្រាស់ក្រែលផងដែរ តែលោកមិនបែរជាចាញ់បុគ្គល ២ រូបទៅវិញ។ ដោយតាមរបាយការណ៍ពី Manofmany បានចុះផ្សាយថា Ronaldo ឈរលេខ ៣ រកបាន ៨៨៩ ០០០ ដុល្លារក្នុងការបង្ហោះមួយលើក ស្របពេលដែល Kylie Jenner ឈរលេខ ២ រកបាន ៩៨៦ ០០០ ដុល្លារ និង Dwayne Johnson រកបាន ១,០១ លានដុល្លារ៕
ប្រភព៖ Manofmany | Wikipedia