ផ្លូវការ Barcelona ​ចុះ​កុងត្រា​យក​ Depay ហើយ

ក្រុម FC Barcelona ​បាន​ប្រកាស​នាំ​យក​ខ្សែ​ប្រយុទ្ធ Memphis Depay ​ជា​ផ្លូវការ​ហើយ ​បន្ទាប់​ពី​កុងត្រា​របស់​គេ​នៅ​ក្លឹប Lyon ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៣០​ខែ​នេះ។

​នេះ​ជា​លើក​ទី​៣​សម្រាប់​ក្រុម Barcelona ​ដែល​ព្យាយាម​នាំ​យក Depay ​ហើយ​ក៏​ជា​ការ​ព្យាយាម​បាន​សម្រេច​មួយ​របស់​លោក Ronald Koeman ​ផង​ដែរ។ អតីត​កីឡាករ Manchester United ​រូប​នេះ ​នឹង​ចុះ​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៣​ឯ​ណោះ​នៅ​ទឹក​ដី Camp Nou ​។ ​ដោយ​សាមី​ខ្លួន​ថា ​នេះ​ជា​ក្ដី​ស្រមៃ​មួយ​ដែល​មក​លេង​នៅ​ក្លឹប Barcelona ​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Koeman ។

​កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ ​រដូវ​កាល​មុន​លេង​ឱ្យ Lyon ​៣៧​ប្រកួត ​និង​រក​បាន​២១​គ្រាប់ ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១៣​គ្រាប់។ ​កាល​ពី​រដូវ​កាល​មុន Lyon ​ចង់​លក់​រូបគេ​ឱ្យ Barca ​ក្នុង​តម្លៃ​២០​លាន​អឺរ៉ូ ​និង​ខែ​មករា​កន្លង​ទៅ​ត្រឹម​១០​លាន​អឺរ៉ូ តែ​ក្រុម​លោក Koeman ​មិន​យក​ឡើយ។ ​ចុង​បញ្ចប់ ពួកគេ​អាច​នាំ​យក Depay មក​រួម​ក្រុម​ដោយ​មិន​អស់​ប្រាក់​នោះ​ទេ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT