ក្រោយយកបាន ៣ ពិន្ទុពីក្រូអាតនៅជុំទី ១ ក្រុមតោកំណាចអង់គ្លេសនឹងត្រូវបន្តបេសកកម្មរបស់ខ្លួន ក្នុងការតទល់ជាមួយក្រុមស្កុតឡែននៅម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ មិថុនា ដែលជាប្រកួតជុំទី ២ វគ្គចែកពូល Euro 2020។
មុនឈានដល់ការប្រកួត ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអង់គ្លេស គឺ Marcus Rashford បានបង្ហាញពីឆន្ទៈនិងភាពអង់អាចនៃក្រុមទាំងមូល ដែលជឿពីឱកាសក្នុងការឈ្នះពានអឺរ៉ុបសារនេះ។
កីឡាកររបស់ក្លឹប Mna Utd និយាយ៖ “រឿងមួយដែលខ្ញុំចង់និយាយគឺពួកយើង [អង់គ្លេស] មិនខ្លាចរអាក្រុមណាទាំងអស់ ដែលយើងត្រូវតតាំងជាមួយ ពោលគឺយើងត្រូវតែខិតខំខ្លាំងហើយជឿជាក់លើខ្លួនឯងនិងមិត្តរួមក្រុម មិនដូច្នោះទេ យើងប្រហែលជានឹងភ្លេចអំពីការចង់បានជ័យជម្នះហើយ”។
លោកបន្ត៖ “យើងមិនខ្លាចក្រុមណាទាំងអស់ សួរថាក្រុមទាំងនោះលេងបានល្អគួរឲ្យយើងចាប់អារម្មណ៍ឬអត់? គឺពិតហើយពួកគេធ្វើបានល្អ មានការលេងដ៏រឹងមាំ តែការដែលចង់ឈ្នះពាននេះ គឺយើងត្រូវតែហ៊ានតតាំងទល់ក្រុមដ៏ល្អបំផុត ពោលគឺយើងចង់ជួបប្រកួតបែបហ្នឹង”៕
ប្រភព៖ AF