អនាគតរបស់ Bernardo Silva កំពុងមិនប្រាកដប្រជាដោយគេអាចជាចាកចេញនៅទីផ្សារដោះដូររដូវក្តៅខាងមុខ ក្រោយមានដំណឹងថា City ចង់រុះរើកីឡាករធំៗចេញខ្លះ ដើម្បីប្រមូលលុយនាំយកអ្នកថ្មីមកចូលរួម។
Bernardo ក៏ស្ថិតក្នុងចំណោមកីឡាករដែលអាចនឹងវ៉ៃចេញទាំងនោះផងដែរ ហើយគេក៏មិនបង្អង់យូរ ដោយលឺថាបានឲ្យភ្នាក់ងាររត់ការទៅចរចាជាមួយភាគីក្លឹបធំ ២ រួចស្រេច។ នោះគឺរួមមាន Barcelona និង Atletico Madrid សុទ្ធតែជាក្លឹបនៅអេស្ប៉ាញ។
តាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ភាគីក្លឹបទាំង ២ និងខាងភ្នាក់ងារលោក Jorge Mendes កំពុងចរចាយ៉ាងសកម្ម អំពីលទ្ធភាពក្នុងការនាំយក Bernardo ចេញពីក្លឹបនៅអង់គ្លេស មកចូលរួមជាមួយក្លឹបនៅអេស្ប៉ាញ។ វាបញ្ហាត្រង់តម្លៃខ្លួនដែល Silva អាចត្រូវក្លឹប City ទារតម្លៃផ្ទេរ ៥១ លានផោនឯណោះ ដែលទំហំប្រាក់នេះជឿថា Atletico នឹងមានប្រៀបជាង Barcelona គ្រាន់ថាបើ Barca ចង់បានអ្នកសហការដ៏ល្អពិតជាមួយ Aguero នោះពួកគេនឹងរិះរកដើម្បីចំណាយជាក់ជាមិនខាន។
គួររំឭកថា កីឡាករ Playmaker រូបនេះ នៅរដូវកាល ២០២០/២១ បង្ហាញខ្លួន ៤៥ ប្រកួត រកបាន ៥ គ្រាប់និង Assist ៩ លើកឲ្យក្រុមឈ្នះជើងឯក Premier League៕ ប្រភព៖ Sportsmole