Isco ខ្សែបម្រើរបស់ក្រុម Real Madrid បានបញ្ជាក់ថាបច្ចុប្បន្ននេះ ក្រុមរបស់ខ្លួនកំពុងធ្វើបានយ៉ាងល្អ ហើយក៏គ្មាននរណានឹក Cristiano Ronaldo ដែរ។
Ronaldo បានចាកចេញពី Real ក្រោយចំណាយពេល៩ឆ្នាំនៅអេស្ប៉ាញ ដោយទៅលេងឱ្យ Juventus ម្ដង ក្នុងតម្លៃខ្លួន១០០លានផោន។ ក្រោយការចាកចេញរបស់កីឡាករវ័យ៣៣ឆ្នាំនេះ អ្នកគាំទ្រជាច្រើនធ្លាប់គិតថា ក្រុមអធិរាជស នឹងជួបការលំបាកមិនខាន ព្រោះមិនឃើញទិញខ្សែប្រយុទ្ធថ្មីណាម្នាក់មករួមក្រុមឡើយ។
ជាក់ស្ដែងទៅ ក្រោយឆ្លងកាត់ការប្រកួតបើករដូវកាល La Liga ប៉ុន្មានប្រកួតមកនេះ ក្រុម Real Madrid បែរជាធ្វើបានយ៉ាងល្អទៅវិញ ដោយរកគ្រាប់បាល់បានច្រើន និងឈ្នះការប្រកួតជានិច្ច។ ដោយសារតែដូច្នេះហើយ បានជាកីឡាករ Isco និយាយថា៖ “Cris ជាកីឡាករកំពូលម្នាក់។ គាត់តែងតែធានាបាន ៤០ទៅ៥០
គ្រាប់ក្នុង១រដូវកាលសម្រាប់អ្នក។ ប៉ុន្តែពេលនេះ បើយើងឈ្នះ ពួកគេនឹងនិយាយថាយើងមិននឹកគាត់ ប៉ុន្តែបើចាញ់ គេនឹងនិយាយថាយើងនឹកគាត់។ ជាក់ស្ដែង បច្ចុប្បន្ននេះ យើងកំពុងធ្វើបានល្អ ហើយអ្នកគ្រប់គ្នាពិតជាមិននឹកគាត់មែន។ ខ្ញុំជួនពរគាត់ សំណាងល្អនៅ Juventus ”៕ប្រភពDailyMail