Ronaldo ​មិន​ទៅ​លេង​ឱ្យ​ព័រទុយហ្គាល់ ​សម្ងំ​ហ្វឹកហាត់​នៅ Juventus ​ដើម្បី​រក​គ្រាប់​បាល់

Cristiano Ronaldo ​មិន​បាន​ទៅ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឡើយ ​កាល​ពី​យប់មិញ​នេះ ​ដោយសារ​តែ​សាមី​ខ្លួន​ចង់​សម្រាក​ហ្វឹកហាត់​ជាមួយ​ក្រុម Juventus ​បន្ថែម​ទៀត។

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​លេង​បាន​ត្រឹម​ស្មើ ​ក្រូអាត ១-១ ​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​យប់មិញ​នេះ ​ដោយ​១​គ្រាប់​របស់​ព័រទុយហ្គាល់​ធ្វើ​បាន​សម្រេច​ដោយ pepe ​តែត​ចូល។ ការ​ប្រកួត​នោះ ​មិន​មាន​វត្តមាន​តារា​សំខាន់ Ronaldo ​ឡើយ ព្រោះ​សាមី​ខ្លួន​បាន​សុំ​ជម្រើស​ជាតិ​សម្រាក​ប្រកួត​មិត្តភាព​នេះ ​ដើម្បី​យក​ពេល​ទៅ​ហ្វឹកហាត់​បន្ថែម ​រក​យុទ្ធសាស្ត្រ​ស្វែង​រក​គ្រាប់​បាល់។

គេ​សង្កេត​ឃើញ​ថា Ronaldo ​ខំ​ហ្វឹកហាត់​ខ្លាំង​ណាស់​មួយ​រយៈ​នេះ ​ដោយ​ភ្នែក​ឡើង​ខ្មៅ​អស់​ទៅ​ហើយ។ នេះ​ស​បញ្ជាក់​ថា ​កីឡាករ​វ័យ​៣៣​ឆ្នាំ ​កំពុង​តែ​ព្យាយាម​អស់​ពី​សមត្ថភាព ​ហាត់​រក​គ្រាប់​បាល់ ​កុំ​ឱ្យ​អ្នក​គាំទ្រ​នៅ​អ៊ីតាលី ​និយាយ​មិន​ល្អ​ពី​ខ្លួន​ទៀត។

សូម​បញ្ជាក់​ថា Ronaldo ​ផ្លាស់​ទៅ Juventus ​តម្លៃ​១០០​លាន​ផោន ​និង​ជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ថ្លៃ​ជាង​គេ​បំផុត​នៅ Serie A ​។ យ៉ាងណាមិញ ​ប៉ុន្មាន​ប្រកួត​ដើម​រដូវ​កាល​នេះ ​រូបគេ​នៅ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ​ឡើយ​ទេ៕ប្រភព៖ dailymail

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT