ទំនាក់ទំនងរវាង James Rodriguez និង Carlo Ancelotti ត្រូវបានអ្នកគាំទ្រដាក់ឈ្មោះឲ្យថាជាឪពុកធម៌-កូនធម៌នឹងគ្នា ព្រោះកន្លងមកឲ្យតែ Ancelotti ទៅណា ក៏ James ទៅទីនោះដែរ តែពេលចុងក្រោយនេះសម្រាប់ការវិលត្រលប់ទៅ Real Madrid ប្រហែលជាមិនអាចឡើយ។
ប្រាប់នៅលើការផ្សាយផ្ទាល់លើ Instagram កីឡាករកូឡុំប៊ីនិយាយបែបនេះ៖ “ខ្ញុំមិនដឹងនោះទេ [ថាខ្ញុំត្រលប់ទៅ Real Madrid ឬអត់] តែខ្ញុំគិតថាវាមិនអាចទៅរួចឡើយ ហើយបើខ្ញុំនៅ Everton មួយឆ្នាំទៀត នោះវាក៏ជារឿងល្អ មិនអីនោះដែរ”។
លោកបន្ថែមថា៖ “ខ្ញុំមិនគិតថា Ancelotti នឹងយកខ្ញុំទៅវិញឡើយ ដោយវដ្ដនៃការវិលចុះឡើងជាមួយ Real Madrid សម្រាប់ខ្ញុំ គឺត្រូវបានបញ្ចប់ហើយ ខ្ញុំមិនគិតថានឹងទៅទីនោះទៀតទេ ហើយវ័យរបស់ខ្ញុំក៏នៅក្មេងដែរ”។
គួរបញ្ជាក់ថា James គឺជាកីឡាករដែលលោក Ancelotti ទិញយកពី Monaco មក Real Madrid ហើយនៅពេល Ancelotti ទៅដឹកនាំ Bayern ក៏លោកខ្ចីជើងខ្សែបម្រើរូបនេះមកដែរ។ រហូតមកដល់ Goodison Park ទឹកដីអង់គ្លេស ក៏ឲ្យថ្នាក់លើចំណាយលុយនាំយកគេចេញពី Real មកថែមទៀត ហើយឈរជើងមកទល់បច្ចុប្បន្ន តែគ្រាន់ថាពេលនេះឪពុកធម៌ត្រលប់ទៅក្លឹបអធិរាជសវិញហើយ៕
ប្រភព៖ AF