ជំនួបហូឡង់-អ៊ុយក្រែនបានបញ្ចប់ទៅក្រោមលទ្ធផល ៣-២ ដែលការប្រកួតនេះធ្វើឡើងនៅឯកីឡដ្ឋានAmsterdam Arena របស់ក្លឹប Ajax នៅឯប្រទេសហូឡង់។
ក្រោយចប់ការប្រកួត ខ្សែការពាររបស់ហូឡង់គឺ Daley Blind បានសារភាពថា ខ្លួនធ្លាប់ពិចារណាគិតចង់មិនចូលរួមប្រកួតនេះ ក៏ដូចជា Euro 2020 ទាំងមូលតែម្តង ក្រោយឃើញ Christian Eriksen ដួលលើទីលានកាលពីម្សិលមិញ ដោយសន្និដ្ឋានថាប្រហែលមកពីជំងឺបេះដូង។
ហេតុផលនោះគឺដោយសារ អតីតកីឡាកររបស់ Man Utd [Blind] ក៏គេធ្លាប់មានបញ្ហាបេះដូងនេះកន្លងមកដូចគ្នា ហើយរូបភាពតក់ស្លុតដែលគេឃើញ Eriksen ដួលពេលប៉ះហ្វាំងឡង់ ហាក់នៅតែលងបន្លាចអារម្មណ៍គេជានិច្ច។ យប់មិញ Blind លេងបានតែ ៦៤ នាទីទេ និងត្រូវប្តូរចូលជំនួស Nathan Ake នៅតំណែងការពារស្លាបស្តាំ។
ប្រាប់សារព័ត៌មាន NOS ខ្សែការពារខាងលើនិយាយ៖ “រឿងហេតុម្សិលមិញជះឥទ្ធិពលដល់ចិត្តខ្ញុំខ្លាំងណាស់ លើសពី Christian គេជាមិត្តនឹងខ្ញុំ នោះគឺខ្ញុំក៏ធ្លាប់ទទួលរងបទពិសោធន៍ស្រដៀងគ្នានោះពីមុនមកអ៊ីចឹងដែរ”។
លោកបន្ត៖ “ខ្ញុំមានបញ្ហាជាមួយរឿងហ្នឹង ដល់ថ្នាក់ធ្វើឲ្យខ្ញុំគិតថាចង់ដកខ្លួនចេញពីការប្រកួត ទាំងរូបភាពនិងគ្រប់យ៉ាងដែលខ្ញុំបានឃើញ គឺធ្វើឲ្យខ្ញុំគេងមិនលក់នោះទេ ហើយនេះខ្ញុំពិតជាអាចឆ្លងកាត់វាបានហើយ”៕
ប្រភព៖ AF