រយៈពេលជិត ១ ម៉ោង កាលពីយប់ថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២១ ពិភពបាល់ទាត់មានការតក់ស្លុតជាខ្លាំងក្រោយពេលខ្សែបម្រើ Christian Eriksen ដែលកំពុងប្រកួតសុខៗស្រាប់តែដួលសន្លប់ទៅលើទីលាននៅការប្រកួតរវាងដាណឺម៉ាកនិងហ្វាំងឡង់។
ភ្លាមៗនោះមិត្តរួមក្រុម និងក្រុមគ្រូពេទ្យបានប្រញាប់មកធ្វើការសង្គ្រោះបេះដូង CPR ដែលនាំឲ្យមានការតក់ស្លុតពេញកីឡដ្ឋាន លាយឡំទាំងទឹកភ្នែកពីមិត្តរួមក្រុមនិងអ្នកគាំទ្រ ក៏ដូចជាក្រុមគ្រួសាររបស់ Eriksen ផ្ទាល់។ ទឹកដោះម្ដាយថ្លៃ ព្រះនៅតែជួយ Eriksen ឲ្យមានជីវិតត្រលប់មកវិញ ប៉ុន្តែរឿងស្រដៀងនេះ បើរំឭកពីហេតុការណ៍លើកីឡាករបាល់ទាត់មួយចំនួនផ្សេងទៀត គឺពួកគេមិនសំណាងដូចជា Eriksen នោះទេ។
ខាងក្រោម CTS Sports ធ្វើការបង្ហាញឈ្មោះកីឡាករបាល់ទាត់ ៥ រូប ដែលបានបាត់បង់ជីវិត ក្រោយដួលសន្លប់នៅក្នុងការប្រកួត៖
៥) Marc Vivian Foe
កំឡុងការប្រកួតឲ្យជម្រើសជាតិកាមេរ៉ូន ទល់ក្រុមកូឡុំប៊ី នៅខែមិថុនា ឆ្នាំ ២០០៣ ហេតុការណ៍រន្ធត់មួយនេះបានកើតឡើង។ នៅនាទី ៧២ លើទីលាន ក្នុងកីឡដ្ឋានប្រទេសបារាំង Vivivan Foe ដែលជាអតីតកីឡាករធ្លាប់លេងឲ្យ City កំពុងរត់លើទីលានសុខៗ ក៏ស្រាប់តែដួលសន្លប់ ហើយដកដង្ហើមសឹងតែលែងដល់គ្នា។
ក្រោយលើកមកដល់បន្ទប់សង្រ្គោះបន្ទាន់ក្នុងកីឡដ្ឋាន Vivian Foe ក៏បានទទួលមរណភាព ហើយតាមការធ្វើកោសល្យវិច័យសន្និដ្ឋានថា លោកកើតជំងឺបេះដូង ដែលវាជំងឺដំណពូជ និងមានហានិភ័យនៃការស្លាប់ភ្លាមៗកំឡុងពេលធ្វើលំហាត់ប្រាណ។
៤) Antonio Puerta
កាលពីជាង ១០ ឆ្នាំមុន ខ្សែការពារស្លាបសញ្ជាតិអេស្ប៉ាញ Puerta បានបាត់បង់ជីវិតនៅអាយុ ២២ ឆ្នាំ កំឡុងការប្រកួតរវាងក្រុម Sevilla និង Getafe។ នៅនាទី ៣៥ ក្នុងប្រអប់ទីរបស់ខ្លួន Puerta ដើរធម្មតាសុខៗ គេក៏អស់ជំហរហើយដួលទៅលើវាលស្មៅ។ យ៉ាងណាលោកបានទទួលមរណភាពក្រោយរយៈពេល ៣ ថ្ងៃ នៃការដឹកមកដល់មន្ទីរពេទ្យ ក៏ដោយសារជំងឺបេះដូងដូចគ្នា។
៣) Phil O’Donnell
ជាអតីតប្រធានក្រុម Motherwell ដែលបានបាត់បង់ជីវិតកំឡុងការប្រកួត ទល់ក្លឹប Dundee United កាលពីខែធ្នូ ឆ្នាំ ២០០៧។ ពេលនោះលោកមានអាយុ ៣៥ ឆ្នាំ ដោយក្រោយការតែតបញ្ចូលទីឲ្យក្រុម រួចរត់មកអបអរ ក៏ស្រាប់តែដួលឱនក្បាលចុះទៅក្រោម ហើយការទទួលមរណភាពរបស់លោកក៏ដោយសារតែជំងឺបេះដូងដូចគ្នា។
២) Cristiano Jr.
Cristiano Sebastiao de Lima Junior បានផ្ទេរមកលេងឲ្យក្លឹប Esat Bengal របស់ឥណ្ឌានៅឆ្នាំ ២០០៣ ហើយនៅឆ្នាំ ២០០៤ បានបន្តផ្ទេរទៅក្លឹប Dempo។ កំឡុងការតតាំងលើទីលាន ជាមួយអ្នកចាំទី ដែលលោកព្យាយាមស៊ុតបាល់បញ្ចូលទី ក៏នាំឲ្យលោកដួលសន្លប់ ហើយពេលនោះគ្មានក្រុមគ្រូពេទ្យឈរជើងនៅកីឡដ្ឋានដើម្បីសង្គ្រោះបឋមឡើយ ទើបនាំឲ្យបុរសវ័យ ២៥ ឆ្នាំ លាពិភពបាល់ទាត់ជារៀងរហូត។
១) Cheick Tiote
ជាកីឡាករសញ្ជាតិកូឌីវ័រ ដែលធ្លាប់បម្រើអាជីពឲ្យក្លឹបនៅអង់គ្លេស Newcastle United។ នៅឆ្នាំ ២០១៧ លោកក៏ធ្លាប់ទៅប្រលូកអាជីពជាមួយក្លឹបក្នុងប្រទេសចិន តែជាអកុសលលោកបានដួលសន្លប់កំឡុងការហ្វឹកហាត់មួយ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ប្រញាប់ដឹកលោកយកទៅមន្ទីរពេទ្យ តែសោកស្ដាយជីវិតរបស់ Tiote គឺអស់ត្រឹមប៉ុណ្ណឹង៕
ជាចុងក្រោយយើងមានតែពាក្យថា សោកស្តាយនិងចូលរួមរំលែកទុក្ខសម្រាប់ការបាត់បង់នូវកីឡាករទាំង ៥ រូបខាងលើ ហើយសម្រាប់ Eriksen ក៏មានតែពាក្យជូនពរ ឲ្យលោកឆាប់ជាសះស្បើយ និងអាចវិលត្រលប់មកឈរជើងលើទីលានសារជាថ្មីនៅពេលឆាប់ៗខាងមុខ៕
បញ្ជាក់៖ អត្ថបទនេះមិនអាចចែករំលែកបង្ហាញនូវរូបភាព&ឯកសារមួយចំនួននោះទេ ព្រោះវាខុសនឹងគោលការណ៍ចែករំំលែកលើប្រព័ន្ធអ៊ីនធឺណិត តែរាល់ការបាត់បង់ជីវិតរបស់កីឡាករដូចរៀបរាប់ខាងលើ សុទ្ធតែជាព័ត៌មានពិត៕