កន្លងមកមានចចាមអារ៉ាមថា លោក David Moyes ប្រហែលជានឹងអាចទៅដឹកនាំក្លឹប Everton ក្រោយពេលដែលលោក Carlo Ancelotti ចាកចេញទៅ។ យ៉ាងណាតាមរបាយការណ៍ចុងក្រោយ អ្នកចាត់ការសញ្ជាតិស្កុតឡែនលេចលឺថាព្រមបន្តកុងត្រាថ្មីនៅក្រុមញញួរបន្តទៅទៀតហើយ។
គ្រូវ័យ ៥៨ ឆ្នាំ កន្លងមកធ្លាប់ជាអតីតគ្រូនៅ Everton រយៈពេល ១១ ឆ្នាំ ហើយជាមួយ West Ham ទើបតែដឹកនាំបានជាង ៣ ឆ្នាំប៉ុណ្ណោះ ដែលការឈរជើងបច្ចុប្បន្នជាលើកទី ២ ព្រោះលើកដំបូងធ្លាប់បានចែកផ្លូវមួយសារហើយនៅឆ្នាំ ២០១៨។ សុពលភាពកុងត្រាបច្ចុប្បន្នរបស់ Moyes នឹងត្រូវផុតនៅចុងខែមិថុនាខាងមុខ តែមានភាគរយខ្ពស់ដែលលោកនឹងបន្តច្រើនជាងចាកចេញ។
ដឹកនាំ West Ham រដូវកាលមុន Moyes ធ្វើបានល្អច្រើន ហើយត្រួសត្រាយឲ្យក្លឹបមួយនេះឈរលេខ ៦ នៅតារាង Premier League។ លើចចាមអារ៉ាមកុងត្រាថ្មី លឺថាលោកទទួលបានកុងត្រារយៈពេល ៣ ឆ្នាំបន្ថែមទៀត ដែលនឹងធានា ក្នុងការបំបែកបំបាក់រវាងលោកនិងភាគីក្លឹបចាស់ Everton៕
ប្រភព៖ AF