តាមរបាយការណ៍ពី Fussball Transfers បានចុះផ្សាយថា ក្លឹបធំពីរនៅអង់គ្លេសមាន Chelsea និង Man Utd កំពុងចាប់ចិត្តលើកីឡាករគោលដៅតែមួយ ដែលជាខ្សែប្រយុទ្ធស្លាបនៅ Bayern Munich គឺ Kingsley Coman។
កីឡាករវ័យ ២៤ ឆ្នាំ បានបង្ហាញទម្រង់លេងល្អនៅប៉ុន្មានរដូវកាលចុងក្រោយ ខណៈរដូវកាល ២០២០/២១ កន្លងទៅ គេរកបាន ៧ គ្រាប់និង Assist ១៣ លើក តាមរយៈការបង្ហាញខ្លួន ៣៨ ប្រកួតឲ្យក្លឹប។
កុងត្រារបស់ Coman ក៏សល់សុពលភាពស្តួចស្តើងជាមួយក្លឹបម្ចាស់ដី Allianz Arena ពោលគឺត្រឹមតែ ២ ឆ្នាំទៀតប៉ុណ្ណោះ ហើយបើតាមរបាយការណ៍សាមីខ្លួនគេក៏គិតចង់ចាកចេញដែរ ព្រោះមិនពេញចិត្តនឹងទំហំថ្លៃពលកម្មដែលទទួលបានសព្វថ្ងៃ។ Coman ទទួលបានតែជាង ១៤០ ០០០ ផោន/សប្តាហ៍នៅ Bayern ដែលទំហំប៉ុណ្ណេះនៅទាបជាងឆ្ងាយ បើធៀបនឹងកីឡាករកំពូលៗមួយចំនួនបានក្បែរជិត ២០០ ០០០ ផោនឯណោះ អ៊ីចឹងហើយបើគេព្រមផ្ទេរទៅអង់គ្លេសនោះប្រាក់ពលកម្មប្រហែលជាអាចឡើងខ្ពស់ជាងមុន។
រំឭកថា Coman បច្ចុប្បន្នក៏មានឈ្មោះលេងឲ្យជម្រើសជាតិបារាំងដែរ ដោយភារកិច្ចធំរបស់គេគឺជួយក្រុមប្រជែងពាន Euro 2020 ខណៈដែល ៣ ឆ្នាំមុនទើបតែសម្រេចបានពានធំ FIFA World Cup៕
ប្រភព៖ Sportsmole