Marcelo មិនច្បាស់ថាស្ថិតក្នុងជម្រើសរបស់លោក Carlo Ancelotti ឬអត់នោះទេនៅរដូវកាលក្រោយ ២០២១/២២ ខណៈដែលសុពលភាពកុងត្រារបស់គេក៏ត្រូវផុតនៅឆ្នាំបន្ទាប់នេះ។
យ៉ាងណាតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា ខ្សែការពារស្លាបឆ្វេងប្រហែលជាបន្តនៅច្រើនជាងចាកចេញ ពោលគឺនឹងបន្តឈរជើងដល់អស់កុងត្រាដូចដែល Sergio Ramos កំពុងជួបប្រទះនៅពេលនេះ។ នោះមានន័យថា កីឡាករប្រេស៊ីលអាចនឹងទទួលបានតំណែងជាប្រធានក្រុម ប្រសិនណា Ramos គេចាកចេញត្រឹមរដូវក្តៅខាងមុខ ព្រោះបច្ចុប្បន្ន Marcelo ជាអនុប្រធានក្រុមធំបង្អស់ បន្ទាប់ពីបងធំ Ramos។
យ៉ាងណាគេនៅតែជឿជាក់ថា គ្រូថ្មី Ancelotti ទំនងជាប្រើប្រាស់ Marcelo នៅជម្រើសដំបូងច្រើនជាង Ferland Mendy ព្រោះអតីតកាលត្រឹមមួយរដូវកាល ២០១៤/១៥ លោកធ្លាប់ដឹកនាំ Real Madrid កាលនោះ Ancelotti ប្រើប្រាស់ខ្សែការពារស្លាបខាងលើដល់ទៅ ៥៣ ប្រកួតឯណោះ ពោលរាប់បានជាកីឡាករដែលមានចំនួនប្រកួតច្រើនជាងគេបង្អស់មួយ។
រំឭកថា កីឡាករប្រេស៊ីលបានផ្ទេរចេញពីក្លឹប Fluminennse នៅឆ្នាំ ២០០៦ ហើយគិតមកទល់ពេលនេះគេឈ្នះពានរង្វាន់សរុបចំនួន ២២ គ្រឿងជាមួយអធិរាជស ដោយស្មើនឹងតួលេខរបស់ Ramos។ យ៉ាងណាបើគេបន្តឈរជើងមួយរដូវកាលនេះទៀត នោះអាចតាមស្មើ Paco Gento ឈ្មោះកីឡាករឈ្នះពានច្រើនបំផុត ២៣ គ្រឿងនៅប្រវត្តិសាស្រ្តក្លឹប Real Madrid៕
ប្រភព៖ Marca