ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងត្រូវតតាំងហុងគ្រីដែលជាប្រកួតបើកឆាកជុំដំបូងសម្រាប់ពួកគេនៅ Euro នាថ្ងៃអង្គារ ទី ១៥ វេលាម៉ោង ១១:០០ នាទីយប់ មានផ្សាយផ្ទាល់លើទំព័រ CTS Sports។
នេះជាការបង្ហាញខ្លួននៅសម័យកាលទី ៥ សម្រាប់ Ronaldo នៅ Euro ហើយក៏ជាក្តីសង្ឃឹមក្នុងការឈ្នះពានរង្វាន់នៅជម្រើសជាតិលើកទី ២ ផងដែរ។ យ៉ាងណានៅឆ្នាំនេះ ព័រទុយហ្គាល់ស្ថិតក្នុងពូលមរណៈដែលត្រូវជួបក្រុមបារាំង អាល្លឺម៉ង់ និងហុងគ្រី។
ទៅមើលការលើកឡើងរបស់តារាឆ្នើមវ័យ ៣៦ ឆ្នាំ Ronaldo បាននិយាយនៅសន្និសីទសារព័ត៌មានមុននេះថា៖ “ខ្ញុំហាក់ដូចជាមានអ្វីជំរុញជាងកាលបង្ហាញខ្លួនលើកដំបូងនាឆ្នាំ ២០០៤ ទៅទៀត ដោយអ្នកគាំទ្រព័រទុយហ្គាល់សុទ្ធតែរំពឹងទុកដូចមុន ដែលក្រុមរបស់យើងនៅបន្តឆន្ទៈរួម ក្នុងការធ្វើឲ្យបានល្អ”។
លោកបន្តថា៖ “ខ្ញុំបានសហការយ៉ាងល្អជាមួយមិត្តរួមក្រុម និងបណ្តាបុគ្គលិកអ្នកចាត់ការ ដោយយើងផ្តោតលើការងារនេះខ្លាំងណាស់ ខ្ញុំសង្ឃឹមគ្រប់យ៉ាងអាចដំណើរការទៅរលូន ហើយពេលនេះចាំតែបាល់កែចេញពីជើងប៉ុណ្ណោះ ហើយនៅប្រកួតដំបូងទល់ហុងគ្រីយើងចង់ទទួលបានជ័យជម្នះ”៕
ប្រភព៖ AF