កីឡាករប្រដាល់ឃីកបុកសីងជប៉ុន Taiki “Silent Sniper” Naito ត្រូវឡើងស្វែងរកជ័យជម្នះបន្តទៀតជាមួយ “Metal Storm” Wang Wenfeng នៅព្រឹត្តិការណ៍ ONE: FULL BLAST II ថ្ងៃសុក្រ ទី១១ ខែមិថុនានេះ។ មុនពេលឃើញអ្នកទាំងពីរប្រកួតគ្នា សូមក្រឡេកមើលលក្ខណៈពិសេសរបស់ពួកគេដែលអាចជាគន្លឹះយកឈ្នះដៃគូរៀងៗខ្លួន។
សមរភូមិរន្ទះជើងក្រោម
វាជាក្បាច់ដ៏គ្រោះថ្នាក់មួយដើម្បីផ្តួលរំលំគ្រឹះក្រោមរបស់ដៃគូ។ ក្រឡេកមើលលំអិតពីជើងខ្លាំងទាំងពីរគឺល្អទាត់ក្រោមដូចគ្នា។ កីឡាករចិន Wang ច្បាស់ណាស់ថា នឹងបើកការប្រកួតជាមួយអាវុធទាត់ជើងស្តាំក្រោមរបស់គេ ហើយបន្ទាប់មកថែមសន្ធាប់ដោយរន្ទះជើងឆ្វេង។ ជារឿយៗ រូបគេប្រើយុទ្ធសាស្ត្រទាត់ស្តាំ រួចថែមឆ្វេង និងទាត់ខ្ពស់លើក្បាលតែម្តង។
ស្របពេលជាមួយគ្នា កីឡាករជប៉ុន Naito ក៏មិនធម្មតាដែរគឺការទាត់ជើងស្តាំក្រោមរបស់គេក៏មានប្រសិទ្ធភាព។ រូបគេមានចលនាចូល-ចេញលឿនណាស់មុនពេលរន្ទះជើងរបស់គេចេញម្តងៗ។ និយាយរួមរូបគេមិនចេះនៅស្ងៀមទេពោលគឺញាប់ស្មេញក្នុងការចេញអាវុធដែលទៅពិតជាមានតុល្យភាពល្អណាស់។
តាមរយៈអ្នកទាំងពីរពូកែទាត់ជើងក្រោម និងដាក់គោលដៅផ្តួលរំលំគ្រឹះក្រោមដូចគ្នា ដូច្នេះច្បាស់ណាស់ថា សមរភូមិនេះនឹងឆាកប្រយុទ្ធជើងក្រោមពេញទឹកហើយ។
វ៉ៃដាក់សម្ពាធរបស់ Wang
កីឡាកររហស្សនាម“Metal Storm”ត្រូវបានគេដឹងថា មានរបៀបវ៉ៃបោះជំហានឆ្ពោះទៅមុខជានិច្ចដែលមិនងាយធ្វើឲ្យរូបគេដកថយឡើយ។ ការប្រើយុទ្ធសាស្ត្រដើរទៅមុខ និងកៀងដៃគូជាប់ទៅខ្សែសង្វៀន រូបគេបោះអាវុធដោយរន្ទះជើងស្តាំ និងឆ្វេង រួចហើយចេញកណ្តាប់ដៃមើលទៅពិតជាស្វាហាប់ណាស់។
យុទ្ធសាស្ត្រនេះហើយជាក្បាច់វ៉ៃដាក់សម្ពាធជាប់ជានិច្ចដែលស្ទើរតែធ្វើឲ្យដៃគូរកពេលចេញអាវុធមិនចង់កើត ដោយសារតែព្យាយាមការពារអាវុធរបស់គេ។ ប្រការនេះធ្វើឲ្យរូបគេអាចមានប្រៀបក្នុងយកឈ្នះដៃគូ ប៉ុន្តែប្រសិនបើ Wang គិតតែព្យាយាមវ៉ៃសម្រុក ហើយខ្វះចន្លោះការពារ អាចនឹងគ្រោះថ្នាក់ដោយសារដៃគូវិញក៏ថាបាន។ ប៉ុន្តែរបៀបវ៉ៃដាក់សម្ពាធនេះជាអ្វីដែលអ្នកគាំទ្រចង់ឃើញណាស់។
ជំនាញវ៉ៃបកចម្រុះរបស់ Naito
យើងឃើញថា កីឡាករចិនពូកែវ៉ៃដាក់គំនាបលើដៃគូខ្លាំងណាស់ ប៉ុន្តែសម្រាប់តារាប្រដាល់ជប៉ុនម្នាក់នេះអាចទប់ទល់បាន។ កីឡាកររហស្សនាម“Silent Sniper”ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានក្បាច់វ៉ៃបកមានប្រសិទ្ធភាពណាស់។ ការប្រកួតរបស់គេកន្លងមកគឺមិនសូវដាក់សម្ពាធលើដៃគូទេ ប៉ុន្តែភាគច្រើនមានចលនាផ្លាស់ទី ការពារខ្លួន និងវ៉ៃបក។
វាច្បាស់ជាល្អមើលហើយសម្រាប់គូនេះ។ នៅពេលម្នាក់ព្យាយាមដាក់សម្ពាធ និងវ៉ៃសម្រុក ខណៈម្នាក់ទៀតពូកែវ៉ៃបក។ ជាពិសេសកណ្តាប់ដៃរបស់ជប៉ុនម្នាក់នេះពិតជាគ្រោះថ្នាក់ណាស់ ហើយក៏មានដៃគូពីរបីនាក់ហើយដែលធ្លាប់ដួលដោយសារកណ្តាប់ដៃរបស់។
ក្រៅពីពូកែវ៉ៃកណ្តាប់ដៃ យើងក៏ដឹងថា កីឡាករជប៉ុនម្នាក់ទាត់បានល្អទាំងស្តាំ និងឆ្វេង។ គូនេះអាចនិយាយបានថា សមរភូមិប្រយុទ្ធដែលអ្នកគាំទ្រចង់ឃើញ។
ជង្គង់ហោះរបស់ Wang
Naito ត្រូវតែប្រុងប្រយ័ត្នមែនទែន និងមិនត្រូវគឃ្លើនដាក់ Wang ឡើយ ពីព្រោះកីឡាការចិនមកពីក្លឹប Xingbo Shengshi Fight Club មានក្បាច់ពិសេសមួយគឺជង្គង់ហោះ។ រូបគេឧស្សាហ៍ប្រើក្បាច់ជង្គង់ហោះទទួលបានផលណាស់ ហើយជារឿយៗ រូបគេមិនប្រើក្បាច់នេះណាស់។ ហោចណាស់ក៏មានពីរបីដដដែរដែលរូបគេប្រើជង្គង់ហោះ។
ប្រសិនបើដៃគូមានក្បាច់ការពារមិនរឹងមាំទេនោះ ជង្គង់ហោះរបស់គេគឺផ្តោតលើទ្រូង និងចង្កាដែលងាយនឹងបាក់ស្រុត ដូលសន្លប់ ពីព្រោះជង្គង់ហោះនេះគឺជាក្បាច់មានទម្ងន់ប្រើកម្លាំងចេញពីខ្លួនប្រាណទាំងអស់។
ក្បាច់ធាក់គ្រប់គ្រងការប្រកួតរបស់ Naito
មានក្បាច់មួយទៀតដែល Naito ល្អក្នុងការទប់ស្កាត់ដៃគូមិនឲ្យសម្រុះចូលតាមអំពើចិត្តគឺក្បាច់ធាក់។ មែនហើយ ក្បាច់នេះជាស្នៀតដើម្បីរារាំង និងទប់ស្កាត់មិនឲ្យដៃគូសម្រុកចូលបានតាមអំពើចិត្ត ប៉ុន្តែប្រសិនបើធាក់ចូលពោះ និងមុខរឿយៗនោះ កម្លាំងស៊ុហ្វរបស់ដៃគូក៏ងាយស្រុតចុះដែរ។
អ្នកគាំទ្រធ្លាប់បានឃើញច្រើនមកហើយដែលកីឡាករជប៉ុន “Metal Storm” ប្រើជើងធាក់បុកលើមុខ និងពោះដៃគូឲ្យដួលដាច់ផ្ងាជាញឹកញាប់។ វាពិតជាមានប្រសិទ្ធភាពដែលរូបគេប្រើទប់ស្កាត់ភាពគឃ្លើនរបស់ដៃគូ ហើយទទួលបានពិន្ទុថែមទៀត។
ដូច្នេះកីឡាករចិន Wang ត្រូវតែប្រុងប្រយ័ត្នមែនទែនពោលគឺមិនត្រូវភ្លេចខ្លួនក្នុងការការពារឡើយ បើពុំនោះទេបាតជើងរបស់ “Silent Sniper”ថើបថ្ពាល់របស់ Wang ជាក់ជាមិនខានឡើយ។