កីឡាករជម្រើសជាតិទោចក្រយាន៣នាក់ ត្រៀមចេញទៅហ្វឹកហាត់នៅបារំាង

កីឡាករជម្រើសជាតិទោចក្រយាន៣នាក់ និងគ្រូបង្វឹកម្នាក់ បានទៅស្នើសុំទិដ្ឋការពី ស្ថានទូតបារំាងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទទួលបានសិទ្ធិទៅបន្តការហ្វឹក ហាត់ បង្កើនបច្ចេកទេសនៅប្រទេសបារំាងរយៈពេល៣ខែ ដើម្បីត្រៀមគោលដៅស៊ីហ្គេមនៅ ប្រទេសវៀតណាម និងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

លោក ខ្លូត ករណី គ្រូបង្វឹកកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ដែលត្រូវដឹកនាំ កីឡាករទាំង៣នាក់ ទៅហ្វឹកហាត់នៅប្រទេសបារាំងនាពេលខាងមុខនេះ បានបញ្ជាក់ថា ថ្ងៃនេះយើងបានទៅស្នើសុំការផ្តល់ទិដ្ឋការពីស្ថានទូតបារំាង ដើម្បីចេញទៅហ្វឹកហាត់រយៈ ពេល៣ខែជាមួយក្រុមកីឡាករអាជីពនៅទីនោះ។លោកជឿជាក់ថា ការហ្វឹកហាត់នៅ ប្រទេសអឺរ៉ុបជាលើកដំបូងរបស់កម្ពុជានេះ នឹងជួយបង្កើនគុណភាពបច្ចេកទេសកីឡា ករយើងកាន់តែល្អប្រសើរបន្ថែមទៀតពីព្រោះថា យើងនឹងមានការប្រកួតធំៗជាច្រើនទៀត ជាពិសេសគឺគោលដៅស៊ីហ្គេមនៅប្រទេសចុង ឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ជម្រើសជាតិប្រណាំងកង់គក់ទាំង៣នាក់នេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីលោកស្រី ប៉ែន ស្រីមុំ ប្រធាន សមាគមប្រណាំងទោចក្រយានកម្ពុជា ដែលមានទីស្នាក់ការមួយទៀតនៅប្រទេសបារំាងផង ដែរ ដោយសមាគមនេះនឹងជួយដល់ការស្នាក់នៅហូបចុក និងការធ្វើដំណើរទៅមកក្នុង ការហ្វឹកហាត់ និងការប្រកួតដកស្រង់បច្ចេកទេសទៀតផង។ កីឡាករជម្រើសជាតិទោចក្រ យានក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំបន្តការហ្វឹកហាត់នៅប្រទេសបារំាង ដើម្បីបង្កើនគុណ ភាពបច្ចេកទេសជាមួយក្រុមកីឡាករអាជីពនៅប្រទេសបារំាង និងនាំយកនូវប្រសិទ្ធផល ពីការហ្វឹកហាត់នោះមកបម្រើដល់ការប្រកួតនានា សម្រាប់ជាតិកម្ពុជា នាពេលខាងមុខជា បន្តបន្ទាប់ ជាពិសេស គឺគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានលើកឡើងថា តាមពិតការបញ្ជូនកីឡាករជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសបារំាងនេះមានយូរមកហើយដែរ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបការចេញទៅហ្វឹកហាត់នេះអាក់ខានទៅវិញ ហើយ នៅពេលនេះទើបយើងទទួលបានឱកាសចេញទៅបង្កើនបច្ចេកទេសសាជាថ្មី។

លោកអះអាងទៀតថា ការហ្វឹកហាត់នៅក្រៅប្រទេសនេះ ត្រូវបានធ្វើឡើងក្រោមការ ជួយជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយធ្វើយ៉ាងប្រឹងប្រែងជំរុញ ឱ្យគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីប្រណាំងកង់ទទួលបានលទ្ធផលកាន់តែល្អ ប្រសើរបន្ថែមទៀត សម្រាប់ការប្រកួតអន្តរជាតិ ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ តាមការគ្រោងទុក នាពេលខាងមុខសហព័ន្ធនឹងបញ្ជូនកីឡាការិនី១ ក្រុមទៀត ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT