Lautaro Martinez មួយរយៈចុងក្រោយលេចលឺថាមានក្លឹបជាច្រើនចង់បាន ហើយគេអាចជានឹងចាកចេញពី Inter Milan នៅរដូវក្តៅខាងមុខ។ យ៉ាងណាតាមការបញ្ជាក់របស់ភ្នាក់ងាររត់ការ លោក Alejandro Camano និយាយថា ទាក់ទិននឹងសំណើពីម្ចាស់ដី Camp Nou គឺមិនទាន់កើតមាននោះទេបើគិតមកទល់ពេលនេះ។
ជាការពិតយើងធ្លាប់តែឃើញពីចចាមអារ៉ាមចុះផ្សាយព្រោងព្រាតថាកីឡាករអាហ្សង់ទីនអាចជាទៅរួមជើងជាមួយ Messi នៅក្លឹប Barcelona តែតាមការបញ្ជាក់ច្បាស់ គឺគ្មាននោះទេ ពោលគឺ Barcelona ប្រហែលជាគ្មានថវិកាចាយដល់កម្រិតរយលានបានឡើយ។
ប្រាប់សារព័ត៌មានថ្មីៗនេះ ភ្នាក់ងារក៏ដូចជាអ្នកតំណាងឲ្យ Martinez និយាយ៖ “យើងពិតជារក្សាភាពស្ងប់ស្ងាត់ណាស់ ព្រោះយើងត្រូវដោះស្រាយបញ្ហានៅ Inter ជាមុនសិន ហើយជាមួយក្លឹប Barcelona នរណាដែលថាមិនចង់ទៅលេងនៅទីនោះ? ព្រោះពួកគេជាក្លឹបដ៏ធំបំផុតមួយក្នុងលោក”។
លោកបន្ថែម៖ “តែគ្មាននរណាពីខាងភាគី Barcelona មកទាក់ទងខ្ញុំឡើយ និយាយទៅពេលនេះយើងលែងគិតពីរឿងហ្នឹងហើយ”។
គួរបញ្ជាក់ថា សុពលភាពកុងត្រារបស់ខ្សែប្រយុទ្ធកណ្តាលត្រូវនេះ ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣ ឯណោះ ហើយតាមហាងឆេងថ្លៃខ្លួនបច្ចុប្បន្នរបស់គេ អាចថ្លៃប្រមាណ ៩០ លានអឺរ៉ូ៕
ប្រភព៖ Football-Espana