និយាយអំពីតួនាទីអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលទើបកោះហៅកីឡាករជម្រើសជាតិចំនួន ២៣រូប ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមប្រកួតមិត្តភាពជាមួយម៉ាឡេស៊ីនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
តើប្រិយមិត្តជ្រាបទេថា លោក Keisuke Honda គឺមានតួនាទីជាច្រើនក្នុងប្រទេសកម្ពុជា ក្រៅពីតួនាទីធំមួយនេះ ក្នុងនោះគាត់ជាម្ចាស់ក្លិបបាល់ទាត់ សូលទីឡូអង្គរ និងសាលាបាល់ទាត់មួយផងដែរ ។
ក្នុងនាមជាម្ចាស់ក្លិបបាល់ទាត់សូលទីឡូអង្គរ ពិតមែន ប៉ុន្តែមិនមានកីឡាកររបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ សូម្បីតែម្នាក់ នៅក្នុងការកោះហៅកីឡាករជម្រើសជាតិ ។
នៅក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិ គេសង្គេតឃើញថា មានកីឡាករមកពី ក្លិបក្រសួងការពារជាតិ ៤រូប ក្លិប ភ្នំពេញក្រោន ៤រូប ក្លិប ណាហ្គាវើល ៤រូប ក្លិបព្រះខ័នរាជស្វាយរៀង ៣រូប ក្លិប បឹងកេត ៣រូប ក្លិបវិសាខា ៣រូប ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ១រូប និង Terengganu FA មួយរូប ។
បច្ចុប្បន្ន ពួកគេកំពុងធ្វើការប្រមូលផ្តុំហ្វឹកហាត់ជាមួយនឹងអ្នកចាត់ការទូទៅថ្មី លោក Keisuke Honda ដើម្បីត្រៀមលក្ខណៈ តទល់ជាមួយម៉ាឡេស៊ីនៅប៉ុន្មានថ្ងៃខាងមុខ ៕