ខ្សែបម្រើ Casemiro បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថារូបគេមិនចង់ឱ្យប្រេស៊ីលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America នោះទេ ព្រោះបច្ចុប្បន្នក្នុងប្រទេសកំពុងផ្ទុះកូវីដ១៩ខ្លាំងនៅឡើយ។
អាហ្សង់ទីន និងកូឡុំប៊ី បានបដិសេធមិនព្រមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America ទេ ដោយសារតែពួកគេអះអាងថាក្នុងប្រទេសកំពុងផ្ទុះកូវីដ១៩។ ភ្លាមនោះ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានបញ្ជាក់ថាប្រេស៊ីល នឹងធ្វើជាម្ចាស់ផ្ទះជំនួសវិញ ខណៈដែលប្រទេសមួយនេះមានករណីឆ្លងច្រើនជាងអាហ្សង់ទីន និងកូឡុំប៊ី ទៅទៀត។
កត្ដានេះហើយ បានធ្វើឱ្យក្រុមកីឡាករប្រេស៊ីលមិនពេញចិត្តនោះទេ។ ជាក់ស្ដែងCasemiro បានចេញមុខមកបញ្ជាក់ថារូបគេមិនចង់ឱ្យប្រទេសខ្លួនធ្វើជាម្ចាស់ផ្ទះឡើយ។ នេះមិនមែនជាពេលវេលាសក្ដិសមសម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំបែបនេះទេ ព្រោះក្នុងប្រទេសកំពុងជួបវិបត្តិកូវីដ១៩ ដែលនៅធ្ងន់ធ្ងរនៅឡើយទេ៕ប្រភព Edition