មុនឈានចូលរដូវកាល ២០២១/២២ ក្លឹប FC Barcelona បាននឹងកំពុងរុះរើរៀបចំសារឡើងវិញ សឹងគ្រប់តំណែងទាំងអស់លើទីលាន ដើម្បីអាចធានាបានថានៅរដូវកាលក្រោយក្លឹបនឹងមានទឹកមាត់លេបខ្លះនៅការប្រជែងពានរង្វាន់ធំៗ កុំឲ្យដូចរដូវកាលនេះទៀត។
អ្នកមានបុណ្យអាចនឹងនាំយកកីឡាករថ្មីចូលក្រុមយ៉ាងហោចណាស់ ៥ រូប ហើយក៏គ្រោងលក់ចេញទៅវិញប្រហែលគ្នានោះដែរ។ កីឡាករធំៗដែល Barcelona ចង់វ៉ៃចេញមានដូចជា ខ្សែប្រយុទ្ធ Antoine Griezmann, Martin Braithwaite ខ្សែបម្រើ Miralem Pjanic, Philippe Coutinho និងខ្សែការពារ Samuel Umtiti។ យ៉ាងណាចំណូលថ្មី ៣ រូបដែលក្លឹបទើបតែយកបាន ក៏ទំនងជាមកបំពេញចន្លោះទាំងអស់នោះដែរ តួយ៉ាងខ្សែប្រយុទ្ធ Sergio Aguero និងខ្សែការពារ Eric Garcia ក៏ដូចជា Emerson Royal។
ក្រោមការដឹកនាំរបស់លោក Ronald Koeman ដែលប្រធានក្លឹបទើបតែធានាពីការឈរជើងនៅរដូវកាលក្រោយ នោះ Barcelona អាចជាប្រើប្រាស់កីឡាករទាំង ៣ ទៅក្នុងឈុត ១១ រូបល្អបំផុតដូចខាងក្រោម៖
ឈុត ១១ រូប: Ter Stegen, Alba, Araujo, Garcia, Emerson, Busquets, De Jong, Pedri, Fati, Messi, Aguero.
ប៉ុន្តែប្រសិនអាចយកបាន ដូចការគ្រោងទុកនៅតំណែង ២ ផ្សេងទៀត មានខ្សែបម្រើ Georginio Wijnaldum និងខ្សែប្រយុទ្ធ Memphis Depay នោះឈុត ១១ រូបរដូវកាលថ្មី ប្រហែលអាចជារៀបចេញមកបែបនេះ៖ Ter Stegen, Alba, Araujo, Garcia, Emerson, De Jong, Wijnaldum, Pedri, Depay, Messi, Aguero.
យ៉ាងណាយើងក៏មិនច្បាស់នោះដែរថា Barcelona អាចយកបាន Depay និង Wijnaldum ឬអត់ ព្រោះបើទោះបីជាកីឡាករទាំងពីរមានសញ្ជាតិហូឡង់ អាចនឹងសម្របខ្លួនឆាប់រហ័សក្រោមការដឹកនាំរបស់លោក Ronald Koeman ក៏ដោយ តែថ្មីៗនេះលេចលឺថាមានក្លឹបធំៗ កំពុងចង់កាត់មុខ Barcelona លើការនាំយកពួកគេ។ ជាក់ស្តែងដូចជា PSG កាន់តែកៀកជិតលើការនាំយក Wijnaldum មកទីក្រុងប៉ារីស ហើយ Depay ក៏មិនទាន់សម្រេចចិត្តច្បាស់លាស់ដែរថានឹងមក Camp Nou ឬអត់ ព្រោះតំណែងចម្បងរបស់គេ គឺប្រយុទ្ធកណ្តាលត្រូវបានបំពេញដោយ Aguero ទៅហើយ។
ដោយឡែកពាក់ព័ន្ធនឹងអនាគតរបស់ Lionel Messi ដ្បិតលោកមិនទាន់សម្រេចថានឹងបន្តនៅឬចាកចេញ តែតាមស្ថានការណ៍ចុងក្រោយគឺប្រហែលជាមានចម្លើយវិជ្ជមានច្រើនជាងអវិជ្ជមាន នោះគឺលឺដំណឹងថា កីឡាករអាហ្សង់ទីនព្រមបន្តកុងត្រារយៈពេល ២ ឆ្នាំទៀតនៅទឹកដី Camp Nou មុនផ្ទេរទៅលេងឲ្យក្លឹបនៅអាមេរិក Inter Miami រយៈពេល ២ ឆ្នាំបន្ថែម ហើយត្រលប់មកអេស្ប៉ាញវិញ ដើម្បីចូលរួមជាឯកអគ្គរដ្ឋទូតឬមុខតំណែងជាដៃគូសហការណាមួយ លើកុងត្រារយៈពេល ១០ ឆ្នាំពេញជាមួយក្លឹប Barcelona៕