ម្យ៉ាង​ម្នាក់​តើ! បង​រង្គើ​លីគ​កំពូល​អាល្លឺម៉ង់ ទុក​ឲ្យ​មុំ​រង្គើ​លីគ​កំពូល​បារាំង

ភាគ​ច្រើន​គូ​ស្នេហ៍​របស់​កីឡាករ​បាល់ទាត់​កំពូលៗ រមែង​ជា​តារា​ម៉ូដែល តារា​សម្តែង ឬ​ក៏​ជា​កូន​ស្រី​របស់​អ្នក​ជំនួញ​ធំ​ណា​មួយ ហើយ​វា​ជា​រឿង​កម្រ​ដែល​នឹង​កើត​ឡើង​ខ្លាំង​ណាស់​ការ​ដែល​គូស្នេហ៍​ស្រី​ប្រុស ចាប់​យក​អាជីព​ជា​ជា​កីឡាករ/កីឡាករនី​បាល់ទាត់​ដូច​គ្នា។

​រឿង​ដែល​កម្រ​នឹង​កើត​ឡើង​នេះ សព្វថ្ងៃ​កំពុង​មាន ១ គូ​ដែរ ហើយ​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជា​ខ្លាំង ជា​ពិសេស​ក្រោយ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​ផ្លែផ្កា​ជោគជ័យ​ខ្លាំង​ដូច​គ្នា​នៅ​លើ​ទីលាន​បាល់ទាត់។ នោះ​គឺ​កីឡាករ Alphonso Davies និង​កីឡាការនី Jordyn Huitema ដែល​ជា​គូស្នេហ៍​កាន់​ឆ្នាំ ហើយ​មាន​ចិត្ត​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់​ដូច​គ្នា។

ក្នុង​អត្ថបទ​នេះ CTS Sports នឹង​កកាយ​បង្ហាញ​ពី​ភាព​ជោគជ័យ​មួយ​ចំនួន ដែល​ពួក​គេ​សម្រេច​បាន និង​ប្រវត្តិ​ស្នេហា​ខ្លះៗ​របស់​អ្នក​ទាំង​ពីរ៖

តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ផ្ទាល់ ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​គឺ​បាន​កើត​ឡើង​រយៈ​ពេល​ជាង ៤ ឆ្នាំ​កន្លះ​មក​ហើយ នោះ​គឺ​តាំង​ពី​ពេល​ដែល Davies មាន​អាយុ ១៦ ឆ្នាំ ហើយ Jordyn មាន​អាយុ ១៥ ឆ្នាំ។ ធ្លាប់​មាន​អ្នក​គាំទ្រ​សួរ​សំណួរ​ចាក់ដោត​មួយ​ថា​កាល​ពី Davies សុំ​ស្នេហ៍ Jordyn ដំបូង ខាង​ប្រុស​និយាយ​បែប​ណា? ស្រាប់​តែ​ខាង​ស្រី Jordyn និយាយ៖ “កាល​នោះ​ Davies គាត់​មក​យក​ខ្ញុំ​ចេញ​ពី​សាលា ហើយ​បណ្តើរ​ខ្ញុំ​ទៅ​ទីលាន​ហ្វឹកហាត់ រួច​គាត់​រាង​ចម្លែកៗ​ហើយ​ស្រាប់​តែ​និយាយ ខ្ញុំ​ឆ្ងល់​ថា​អ្នក​ធ្លាប់​គិត​ចង់​ក្លាយ​ជា​មិត្ត​ស្រី​របស់ Alphonso Davies ដែរ​ទេ”។

ពាក្យ​សារភាព​របស់ Davies ក៏​ទទួល​បាន​ជោគជ័យ ក្រោយ​ពេល Jordyn ឆ្លើយ​ថា៖ “យល់​ព្រម” មុន​ពួក​គេ​ចូល​ទៅ​ទីលាន​ហ្វឹកហាត់​រួម​គ្នា លាយឡំ​ដោយ​បរិយាកាស​ពណ៌​ស៊ីជម្ពូ​លែង​ខ្វល់​ពី​នរណា​ទាំង​អស់។

​ក្រោយ​ក្លាយ​ជា​សង្សារ​នឹង​គ្នា អ្នក​ទាំង​ពីរ​ក៏​បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជា​បន្តបន្ទាប់ ហើយ​ពួក​គេ​ឈរ​លើ​គោលដៅ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​បញ្ឈប់​ការ​រើសអើង​ពណ៌​សម្បុរ ព្រោះ Davies ជា​កូន​កាត់​ហ្គាណា-កាណាដា ដែល​គេ​មាន​សម្បុរ​ខ្មៅ ខណៈ Jordyn ​មាន​សម្បុរ​ស ជាប់​សញ្ជាតិ​កាណាដា​ចំ​តួ។ រឿង​អស់​សំណើច​មួយ​កាល​ពី​ជាង ១ ឆ្នាំ​មុន Davies ធ្លាប់​ត្រូវ​បាន​ក្លឹប Bayern Munich ពិន័យ ២០ ០០០ អឺរ៉ូ ក្រោយ​មក​ហ្វឹកហាត់​យឺត ដោយសារ​តែ​ជាប់​កំដរ​សង្សារ​ដើរ​លេង​ក្នុង​ទីក្រុង​ប៉ារីស ហើយ​រឿង​នេះ​ពួក​គេ​បាន​សារភាព​ដោយ​ខ្លួន​ឯង​នៅ​លើ​បណ្ដាញ​សង្គម។

បង្វែរ​ទៅ​មើល​អាជីព​ជា​កីឡាករ​បាល់ទាត់​ឯ​ណោះ​វិញ Davies ​ចាប់​ប្រលូក​ឲ្យ​ក្លឹប​នៅ​ប្រទេស​កាណាដា​កាល​ពី​ឆ្នាំ ២០១៦ ហើយ​រហូត​មក​ដល់​ឆ្នាំ ២០១៩ ត្រូវ​បាន​ក្លឹប Bayern Munich ចាប់​ចិត្ត​មើល​ឃើញ​ពី​សមត្ថភាព ដោយ​ផ្ទេរ​គេ​មក​ទឹកដី​អាល្លឺម៉ង់​នៅ​តម្លៃ ៨,៥ លាន​ផោន។

នាម​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ដ៏​សំខាន់ ឆ្លង​កាត់ ៨៤ ប្រកួត គេ​រក​បាន ៥ គ្រាប់​និង Assist ១២ លើក ហើយ​និយាយ​ពី​ពាន​រង្វាន់​ត្រឹម​ពេល​ខ្លី ​តែ​គេ​លើក​ដល់​ទៅ ១០ ពាន រួម​បញ្ចូល​ទាំង​ពាន​ធំ UEFA Champions League និង Bundesliga។ បច្ចុប្បន្ន​បុរស​វ័យ ២០ ឆ្នាំ ស៊ី​ថ្លៃ​ពលកម្ម​នៅ Bayern Munich ​ខ្ទង់ ៩១ ០០០ ផោន/សប្តាហ៍ ហើយ​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ​ឡើង​មក​ដល់​ជិត ៦៥ លាន​ផោន។

រី​ឯ​ខាង​ស្រី កីឡាការនី Jordyn Huitema ​គេ​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លឹប PSG ផ្នែក​នារី ដោយ​លេង​នៅ​តំណែង​ប្រយុទ្ធ ហើយ​នៅ​រដូវ​កាល ២០២០/២១ សរុប ២៥ ប្រកួត រក​បាន ៥ គ្រាប់​និង Assist ៥ លើក។ យ៉ាង​ណា​ប្រាក់​ពលកម្ម​នៅ​បាល់ទាត់​ផ្នែក​នារី មិន​ជា​ទទួល​បាន​ក្រាស់ក្រែល​ដូច​ផ្នែក​បុរស​ឡើយ ដោយ​កីឡាការនី​វ័យ ២០ ឆ្នាំ​រូប​នេះ ទទួល​បាន​ត្រឹម​តែ​ជិត ១ មុឺន​ដុល្លារ/សប្ដាហ៍​ប៉ុណ្ណោះ។

អ្នក​ទាំង​ពីរ​ជាប់​ភារកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​កាណាដា​ដូច​គ្នា ដោយ​គ្រាន់​តែ​មួយ​ផ្នែក​បុរស និង​មួយ​ផ្នែក​នារី។ ចំពោះ​ជោគជ័យ​នៅ​ក្លឹប នៅ​រដូវ​កាល ២០២០/២១ សម្រាប់​គូ​ស្នេហ៍ Davies/Jordyn គឺ​ជា​រឿង​អស្ចារ្យ ​ព្រោះ​ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​ដូច​គ្នា ដោយ​ខាង​ប្រុស​លើក​ពាន​ជាមួយ Bayern Munich ដែល​នាំ​មុខ​ដាច់​ ១៣ ពិន្ទុ ហើយ​ខាង​ស្រី​លើក​ពាន​ជាមួយ PSG ដែល​នាំ​មុខ​ ១ ពិន្ទុ​ទៅ​លើ Lyon។

តាម​ពិត​ទៅ​ការ​ឈ្នះ​ពាន​ធំ​នៅ​រដូវ​កាល​តែ​មួយ​សម្រាប់​អ្នក​ទាំង​ពីរ ប៊ិះ​តែ​កើត​ឡើង​តាំង​ពី​ឆ្នាំ​ទៅ ២០២០ តែ​សោកស្ដាយ​ខាង PSG នារី បាន​ធ្លាក់​ត្រឹម​វគ្គ ៤ ក្រុម ក្រោម​ថ្វី​ជើង​របស់​ក្រុម​ឈ្នះ​ជើង​ឯក Lyon។ ខណៈ​ដែល​ខាង​ផ្នែក​បុរស គឺ Bayern Munich ឡើង​កូដ​ខ្លាំង យក​ឈ្នះ​ក្រុម PSG ដែល​នាំ​ឲ្យ​កីឡាការនី Jordyn ជា​សង្សារ​របស់ Davies រាង​ឈឺ​ចិត្ត​បន្តិច​ដែរ ព្រោះ​ជា​ក្លឹប​តែ​មួយ​របស់​ខ្លួន៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT