ទោះ​បែលហ្សិក​ឈរ​លេខ ១ តែ​មិន​សង្ឃឹម​ច្រើន​ដល់​ក្រុម​នេះ​ទេ ក្នុង​ការ​ឈ្នះ​ពាន Euro 2020

ក្នុង​ចំណោម​ក្រុម​ទាំង ២៤ ដែល​មាន​កៅអី​នៅ​ការ​ប្រកួត​ផ្លូវការ Euro 2020 តើ​អ្នក​គិត​ថា​ក្រុម​ណា​មួយ ដែល​មាន​សង្ឃឹម​ខ្ពស់​អាច​ឈ្នះ​ពាន​រង្វាន់​សារ​នេះ?

ជឿ​ថា​មតិ​ពី​អ្នក​គាំទ្រ​ប្រាកដ​ជា​ទស្សន៍ទាយ​ផ្អែក​ទៅ​តាម​ឈ្មោះ​ក្រុម​ដែល​ខ្លួន​ស្រលាញ់ និង​ខ្លះ​ទៅ​មើល​តាម​ចំណាត់ថ្នាក់ FIFA Ranking ហើយ​ប្រាកដ​ជា​រំពឹង​ច្រើន​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក។ ជា​ការ​ពិត​បាល់​មូល គឺ​មើល​មិន​ឃើញ​មុន​នោះ​ទេ ពេល​ខ្លះ​ក្រុម​កម្រិត​មធ្យម​ដែល​យើង​នឹក​ស្មាន​មិន​ដល់ ឡើង​មក​លោង​ក្រុម​ខ្លាំង​ម្ដងម្កាល​ក៏​មាន ហើយ​ក្រុម​ខ្លាំង​ខ្លះ​កុំ​ថា​ឡើយ​ត្រឹម​កៅអី​វគ្គ ១៦ ក្រុម​ក៏​ឡើង​មិន​ដល់​ផង។

យ៉ាង​ណា​តាម​ការ​ព្យាករណ៍​ពី​ប្រភព​គេហទំព័រ TheAnalyst ដែល​យើង​លើក​មក​ចែករំលែក​ក្នុង​អត្ថបទ​នេះ គ្រាន់​តែ​ជា​ចំណែក​មួយ​ដែល​ពួក​គេ​ប្រើប្រាស់ Stats Perfome AI ក្នុង​ការ​វិភាគ​និង​វាយ​តម្លៃ​ភាគរយ​ក្រុម​ដែល​សង្ឃឹម​ខ្ពស់​តែ​ប៉ុណ្ណោះ ​ពោល​ក៏​មិន​ច្បាស់​ដូច​គ្នា​ថា​ក្រុម​ណា​អាច​ឈ្នះ​ជើង​ឯក​ពិត​ប្រាកដ​នោះ​ដែរ។ ក្រុម​ទាំង ១០ ​មាន​ភាគរយ​ខ្ពស់​បំផុត​អាច​ឈ្នះ​ពាន Euro 2020 ​មាន​ដូច​ខាង​ក្រោម៖

ក្រុម​បារាំង​ សង្ឃឹម ២០,៥ ភាគរយ

ក្រុម​បែលហ្សិក ​សង្ឃឹម ១៥,៧ ភាគរយ

ក្រុម​អេស្ប៉ាញ សង្ឃឹម ១១,៣ ភាគរយ

ក្រុម​អាល្លឺម៉ង់ សង្ឃឹម ៩,៨ ភាគរយ

ក្រុម​ព័រទុយហ្គាល់ សង្ឃឹម ៩,៦ ភាគរយ

ក្រុម​អ៊ីតាលី សង្ឃឹម ៧,៦ ភាគរយ

ក្រុម​ហូឡង់ សង្ឃឹម ៥,៩ ភាគរយ

ក្រុម​ដាណឺម៉ាក សង្ឃឹម ៥,៤ ភាគរយ

ក្រុម​អង់គ្លេស សង្ឃឹម ៥,២ ភាគរយ

ក្រុម​ស្វីស សង្ឃឹម ២,៣ ភាគរយ

ខណៈ​ក្រុម​ដែល​សង្ឃឹម​ទាប​ជាង​គេ​បង្អស់​មាន ម៉ាសេដូនី​ខាង​ជើង​សង្ឃឹម ០,០២ ភាគរយ និង ស្លូវ៉ាគី​សង្ឃឹម ០,០៤ ភាគរយ ខណៈ​ស្កុតឡែន​និង​ហុងគ្រី​សង្ឃឹម ០,១ ភាគរយ។

បញ្ជាក់​ថា ​មាន់​គក​បារាំង​ឆ្នាំ​នេះ នរណា​ក៏​ចាប់​អារម្មណ៍​ទៅ​លើ​ពួក​គេ​ខ្លាំង​ដែរ ជា​ពិសេស​ក្រោយ​ការ​វិល​ត្រលប់​របស់ Karim Benzema មក​កាន់​ជម្រើស​ជាតិ​សារ​ជា​ថ្មី។ បារាំង​ក៏​អាច​នឹង​ក្លាយ​ជា​ក្រុម​ទី ៤ ក្នុង​លោក ដែល​អាច​ឈ្នះ​ពាន​រង្វាន់​បណ្ដាក់​គ្នា​នៅ​ពាន FIFA World Cup និង UEFA Euro Championship ដែល​ ៣ លើក​កន្លង​មក​គឺ​រួម​មាន អាល្លឺម៉ង់​ខាង​លិច ឈ្នះ Euro 1972 និង World Cup 1974 , អេស្ប៉ាញ​ឈ្នះ Euro 2008, World Cup 2010 និង Euro 2012, បារាំង​ឈ្នះ World Cup 1998 និង Euro 2020 ហើយ​បារាំង​ដដែល​ឈ្នះ World Cup 2018 និង Euro… (អេ​ឈប់​សិន មិន​ទាន់​ហ៊ាន​ថា មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា​លើ​ទំព័រ CTS Sports)។

ដោយឡែក​សម្រាប់​អ្នកចាត់ការ​ជម្រើស​ជាតិ​បារាំង លោក Didier Deschamps ក៏​អាច​នឹង​ក្លាយ​ជា​បុគ្គល​ទី ១ ក្នុង​លោក ដែល​អាច​ឈ្នះ​ពាន World Cup និង Euro នាម​ជា​កីឡាករ​ផង និង​ជា​អ្នកចាត់ការ​ផង។ កាល​នៅ​ជា​កីឡាករ​លោក​ឈ្នះ World Cup ​នៅ​ឆ្នាំ ១៩៩៨ និង Euro នៅ​ឆ្នាំ ២០០០ ហើយ​ជា​អ្នកចាត់ការ​ទើប​តែ​បាន​ឈ្នះ World Cup នៅ​ឆ្នាំ ២០១៨ ខណៈ Euro 2020 កំពុង​រង់ចាំ​អុត​មើល។

គួរ​បញ្ជាក់​ថា​ពាន​រង្វាន់ UEFA Euro Championship ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៨ ដែល​គិត​មក​ទល់​ពេល​នេះ​មាន​អាយុ​កាល ៦៣ ឆ្នាំ ដោយ​ក្រុម​ឈ្នះ​ជើង​ឯក​ច្រើន​បំផុត​បាន​ទៅ​លើ​អាល្លឺម៉ង់/អេស្ប៉ាញ ឈ្នះ ៣ លើក​រៀង​គ្នា ហើយ​បារាំង​ឈ្នះ ២ លើក និង​ក្រុម​ផ្សេងៗ​ទៀត​ឈ្នះ ១ លើក​មាន​ដូច​ជា​សហភាព​សូវៀត អ៊ីតាលី សាធារណរដ្ឋ​ឆែក ព័រទុយហ្គាល់ ហូឡង់ ដាណឺម៉ាក និង​ក្រិក។ ចំពោះ​កាលបរិច្ឆេទ​ប្រកួត​ឆ្នាំ​ ២០២១ នេះ គឺ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១១ ​មិថុនា ដល់ ១១ ​កក្កដា ដែល​មាន​ម្ចាស់ផ្ទះ​ចំនួន ១១ ប្រទេស ហើយ​បណ្ដា​កីឡដ្ឋាន​ទាំង​អស់​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​តែ​ចន្លោះ​ពី ២០ ទៅ ៥០ ភាគរយ ផ្អែក​តាម​គោលការណ៍​កំណត់​របស់​ប្រទេស​នីមួយៗ៕

ប្រភព៖ TheAnalyst

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT