អត់​ឲ្យ​ទំនេរ​ភ្នែក​ទាន់! ប្រមូល​ផ្ដុំ ១០ គូ​សំខាន់ៗ​ប្រចាំ​ខែ​មិថុនា ផ្អើល​អស់​ទ្វីប​ធំៗ​ទាំង ២

​ក្នុង​វិស័យ​កីឡា​បាល់ទាត់ តាម​ពិត​ទៅ​មក​ដល់​ខែ​មិថុនា​គឺ​មិន​សូវ​មាន​ការ​ប្រកួត​សំខាន់​នោះ​ទេ ហើយ​សម្រាប់​កីឡាករ​ក៏​រមែង​មាន​ពេលវេលា​សម្រាក ហើយ​អ្នក​គាំទ្រ​ក៏​សល់​ពេល​ឲ្យ​សង្សារ​ច្រើន​ជាង​ខែ​ផ្សេងៗ​ដែរ។

ប៉ុន្តែ​នៅ​ឆ្នាំ ២០២១ នេះ ខែ​មិថុនា​គឺ​ជា​ខែ​ដ៏​សកម្ម​ទៅ​វិញ​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់ ​ព្រោះ​មាន​ព្រឹត្តិការណ៍​ធំៗ​ ២ រួម​មាន Euro នៅ​ទ្វីប​អឺរ៉ុប និង Copa America នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង បាន​លើក​ពេល​ពី​ឆ្នាំ​ចាស់​មក​ធ្វើ​នៅ​ឆ្នាំ​នេះ ហើយ​សម្រុក​បញ្ចប់​រក​ក្រុម​ឈ្នះ​ជើង​ឯក ត្រឹម​រយៈ​ពេល​ ១ ខែ​ពី​ចន្លោះ​ខែ​មិថុនា​ដល់​ខែ​កក្កដា។

ខាង​ក្រោម CTS Sports ធ្វើ​ការ​សង្ខេប​ជុំវិញ​រូបមន្ត​នៃ​ការ​ប្រកួត Euro និង Copa America ក៏​ដូច​ជា​បង្ហាញ​កាលបរិច្ឆេទ​ប្រកួត​សំខាន់​ទាំង ១០ គូ ដែល​អ្នក​គាំទ្រ​មិន​គួរ​រំលង៖

១) Euro 2020

​ព្រឹត្តិការណ៍​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១១ ​មិថុនា ដល់ ១១ ​កក្កដា ឆ្នាំ ២០២១ នៅ​ទឹកដី​ម្ចាស់ផ្ទះ​ទាំង ១១ ប្រទេស។ ក្រុម​ដែល​មាន​កៅអី​នៅ​វគ្គ​ចែក​ពូល​សរុប​មាន ២៤ ក្រុម បែងចែក​ជា ៦ ពូល​ពី​ពូល A ដល់​ពូល F ហើយ​ក្នុង​មួយ​ពូល​គេ​ចម្រាញ់​យក​ ២ ក្រុម​ដែល​ឈរ​លេខ ១&២ ​តាម​រយៈ​ការ​ប្រកួត​សន្សំ​ពិន្ទុ​មួយ​ជើង ដើម្បី​ចាប់​យក​កៅអី​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម។

ដូច្នេះ​មាន​ន័យ​ថា​ក្នុង​ចំណោម​ពូល​ទាំង ៦ នឹង​មាន ១២ ក្រុម​ ទទួល​បាន​កៅអី​ទៅ​កាន់​វគ្គ​បន្ទាប់។ ចុះ​ចំណែក ៤ កៅអី​ផ្សេង​ទៀត UEFA សម្រេច​យក​ដោយ​របៀប​ណា? នោះ​គឺ​ប្រមូល​យក​ក្រុម​លេខ ៣ ប្រចាំ​ពូល​នីមួយៗ​មក​ជម្រុះ​សារ​ជា​ថ្មី ហើយ​ចាប់​យក ៤ ក្រុម​ល្អ​បំផុត ដើម្បី​បង្គ្រប់​កៅអី​វគ្គ ១៦ ក្រុម។

ការ​ប្រកួត​ព្រឹត្តិការណ៍ Euro ខុស​ពី Champions League ដោយ​គ្មាន​ការ​ប្រកួត​ ២ ជើង​នោះ​ទេ ពោល​គឺ​លេង ១ ជើង​តាំង​ពី​វគ្គ​ដំបូង ដល់​វគ្គ​ចុង​ក្រោយ។ ចាប់​ពី​ថ្ងៃ​ទី ២៦ ​មិថុនា​ត​ទៅ ការ​ប្រកួត​វគ្គ ១៦ ក្រុម​នឹង​ចាប់​ផ្ដើម ហើយ​បន្ត​រហូត​ដល់​ថ្ងៃ​ទី ១១ ​កក្កដា ដែល​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ ​នឹង​មាន​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុងដុង ដើម្បី​សម្រេច​យក​ក្រុម​ឈ្នះ​ជើង​ឯក។

យើង​បង្ហាញ​កាលបរិច្ឆេទ​ប្រកួត​សំខាន់ៗ​ទាំង ៦ នៅ Euro 2020៖

  • អង់គ្លេស ប៉ះ ក្រូអាត វេលាម៉ោង ០៨:០០ នាទីយប់ ថ្ងៃអាទិត្យ ទី ១៣ ​មិថុនា
  • បារាំង ប៉ះ អាល្លឺម៉ង់ វេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ ថ្ងៃពុធទី ១៦ ​មិថុនា
  • ព័រទុយហ្គាល់ ប៉ះ អាល្លឺម៉ង់ វេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃសៅរ៍ ទី ១៩ មិថុនា
  • អេស្ប៉ាញ ប៉ះ ប៉ូឡូញ វេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ ថ្ងៃអាទិត្យ ទី ២០ ​មិថុនា
  • អ៊ីតាលី ប៉ះ វែល វេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃអាទិត្យ ទី ២០ មិថុនា
  • ព័រទុយហ្គាល់ ប៉ះ បារាំង វេលាម៉ោង ០២:០០ នាទីរំលអាធ្រាត្រ ថ្ងៃព្រហស្បតិ៍​ ទី ២៤ មិថុនា

២) Copa America 2020

​ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៣ ​មិថុនា ដល់ ១០ ​កក្កដា ដោយ​មាន​ក្រុម​ចំនួន ១០ ហើយ​មាន​ម្ចាស់ផ្ទះ​ចំនួន ៤ ប្រទេស។

ការ​ប្រកួត​នេះ​រៀបចំ​ដោយ​សហព័ន្ធ​បាល់ទាត់​ប្រចាំ​តំបន់​អាមេរិក​ខាង​ត្បូង CONMEBOL ដោយ​មាន​ការ​បែងចែក​ជា ២ Zone ក្នុង ១ Zone មាន ៥ ក្រុម។ ទី ១) North Zone មាន​ប្រេស៊ីល, កូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ និង​វេណេហ្ស៊ុយអេឡា ហើយ​ទី ២) South Zone មាន​អាហ្សង់ទីន, បូលីវី, ឈីលី, ប៉ារ៉ាហ្គាយ និង​អ៊ុយរុយហ្គាយ។

ក្រុម​នៅ​ Zone នីមួយៗ​នឹង​ប្រកួត​តតាំង​គ្នា ដើម្បី​យក​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​បំផុត​ទាំង ៤ ឆ្ពោះ​ទៅ​កាន់​វគ្គ Knockout ៨ ក្រុម​ចុង​ក្រោយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២/៣ ​កក្កដា ហើយ​ប្រកួត​មួយ​ជើង​យក​ចាញ់​ឈ្នះ ជម្រុះ​រហូត​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Rio de Janeiro ប្រទេស​ប្រេស៊ីល​នា​ថ្ងៃ​ទី ១០ ​កក្កដា ឆ្នាំ ២០២១។

យើង​បង្ហាញ​កាលបរិច្ឆេទ​ប្រកួត​សំខាន់ៗ​ទាំង ៦ នៅ Copa America 2020៖

  • អាហ្សង់ទីន ប៉ះ ឈីលី វេលាម៉ោង ០៤:០០ នាទីទាបភ្លឺ ថ្ងៃអង្គារ៍ ទី ១៥ មិថុនា
  • ប្រេស៊ីល ប៉ះ ប៉េរូ វេលាម៉ោង ០៧:០០ នាទីព្រឹក ថ្ងៃសុក្រ ទី ១៨ មិថុនា
  • អាហ្សង់ទីន ប៉ះ អ៊ុយរុយហ្គាយ វេលាម៉ោង ០៧:០០ នាទីព្រឹក ថ្ងៃសៅរ៍ ទី ១៩ ​មិថុនា
  • ប្រេស៊ីល ប៉ះ កូឡុំប៊ី វេលាម៉ោង ០៧:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍​ ទី ២៤ មិថុនា
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT