នាមជាកីឡាករបាល់ទាត់មួយរូប មនុស្សមួយចំនួនគិតថា Cristiano Ronaldo ប្រហែលជាមនុស្សដែលស្ងាត់ស្ងៀម មិនសូវចេះនិយាយ និងមិនសូវចេះជជែកអំពីរឿងរ៉ាវនេះនោះច្រើន។
ផ្ទុយទៅវិញគេមិនមែនជាមនុស្សដូច្នោះទេ បើតាមការបញ្ជាក់ពី Alvaro Morata ដែលជាមិត្តរួមក្រុមដ៏ជិតស្និទ្ធមួយរូបរបស់ CR7 នៅក្លឹប Juventus បាននិយាយថា Ronaldo គឺជាមនុស្សដែលមានចំណេះដឹងទូទៅខ្ពង់ខ្ពស់ ហើយគាត់ចូលចិត្តចែករំលែករឿងរ៉ាវខ្លីៗដែលយើងមិនបានដឹងពីមុនមក។
ប្រាប់សារព័ត៌មាន Radio Marca កីឡាករអេស្ប៉ាញនិយាយ៖ “ខ្ញុំនិយាយជាមួយគាត់រឿងរ៉ាវជាច្រើន ហើយរឿងខ្លះក៏ទាំងដែលយើងស្រមៃមិនចេញ ដោយគាត់ជាមនុស្សដែលមានការចេះដឹងហើយចូលចិត្តចែករំលែកនូវរឿងរ៉ាវខ្លីៗ”។
លោកបន្ត៖ “ខ្ញុំចាំពេលមួយនោះ នៅតុអាហារពេលល្ងាចជុំជួបជុំក្រុម យើងជជែកអំពីអាហារនិងអាហាររូបត្ថម្ភ ហើយគាត់ក៏បាននិយាយមកខ្ញុំអំពីកំណត់ត្រាបុគ្គលម្នាក់ដែលមិនទទួលទានអ្វីទាល់តែសោះ ហើយគ្មាននរណាមានយោបល់លើរឿងនោះទេ ដោយវាពិតជាភ្ញាក់ផ្អើល ព្រោះគាត់អាចដឹងរឿងទាំងអស់នោះបាន ពោលគឺគាត់ជាមនុស្សដែលចូលចិត្តការអាន និងនាំឲ្យខ្លួនឯងដឹងនូវរឿងជាច្រើន”៕
ប្រភព៖ AF