អង់គ្លេសបានបើកឆាកប្រកួតមិត្តភាពយកឈ្នះ ១-០ ទៅលើជម្រើសជាតិអូទ្រីស ដែលជាប្រកួតកម្តៅសាច់ដុំ មុនចាប់ផ្តើមការប្រកួត Euro 2020 នៅរយៈពេល ១០ ថ្ងៃទៀត។
ក្រោយចប់ការប្រកួតយប់មិញ ក្រឡេកទៅអតីតជើងចាស់លោក Roy Keane ក៏បានសរសើរមិនដាច់ពីមាត់ដល់កីឡាករជួរមុខរបស់តោកំណាចមួយរូប នោះគឺ Jack Grealish ថាគេជាកីឡាករលេចធ្លោដូចទៅនឹង Cristiano Ronaldo របស់ក្រុមព័រទុយហ្គាល់។
ប្រាប់ ITV លោក Keane ដែលជាអតីតប្រធានក្រុមនៅ Man Utd និយាយ៖ “គេ [Grealish] ជាកីឡាករពោរពេញដោយគុណភាព រាល់ពេលដែលខ្ញុំមើលគេលេង គឺគេតែងតែជះឥទ្ធិពលដល់ការប្រកួត ដោយវាពិតជាពិបាកនឹងដកគេចេញពីជម្រើសដំបូងណាស់ ពោលគេអាចក្លាយជាតារាឆ្នើមប្រចាំក្រុមអង់គ្លេសបាន”។
លោកបន្ត៖ “គេក្លាហាននិងតែងតែចង់លូកបាល់ចូលតំបន់តានតឹងលើទីលាន ដូចទៅនឹង Cristiano Ronaldo របស់ព័រទុយហ្គាល់ និយាយទៅយើងត្រូវកីឡាករប្រភេទហ្នឹងក្នុងក្រុមរបស់យើង គេជាកីឡាករដ៏លេចធ្លោ”៕
ប្រភព៖ Metro