មុនផ្ទេរមកដឹកនាំក្លឹប Real Madrid នៅឆ្នាំ ២០២១ នេះ កាលពីអតីតកាលអ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ធ្លាប់បានភ្លក់រសជាតិដឹកនាំអធិរាជសរយៈពេលជាង ២ ឆ្នាំមកហើយ នោះគឺចន្លោះឆ្នាំ ២០១៣ ដល់ ២០១៥។
សម័យកាលនោះ Ancelotti ក៏បានដឹកនាំកីឡាករកំពូលៗជាច្រើន ហើយមកទល់ពេលនេះខ្លះក៏គេនៅបន្តឈរជើង ហើយខ្លះក៏បានចាកចេញទៅកាន់ក្លឹបដទៃអស់ហើយ។ យ៉ាងណាថ្មីៗនេះបុរសវ័យ ៦១ ឆ្នាំ ក៏បាននិយាយអំពីកូនក្រុមចាស់ ដែលគេជឿថាពួកគេប្រហែលជាមានសង្ឃឹមអាចចូលលេងបានច្រើននៅរដូវកាលខាងមុខ។
និយាយអំពី Bale លោក Ancelotti ថា៖ “Gareth គេលេងមិនសូវបានច្រើន តែគេអាចរកបានគ្រាប់បាល់ជាច្រើន ដោយខ្ញុំស្គាល់គេច្បាស់ គេបានត្រលប់មកវិញហើយ ប្រសិនគេមានអ្វីជំរុញទឹកចិត្តឲ្យគេលេង នោះគេនឹងអាចធ្វើបានល្អ ដោយគ្មានការសង្ស័យអ្វីឡើយ”។
លោក Ancelotti បន្តថា៖ “ខ្ញុំមានអារម្មណ៍ល្អច្រើនជាមួយ Bale, Isco និង Marcelo ដោយពួកគេជាកីឡាកររបស់ Real Madrid ហើយមានតែការបង្ហាញលើទីលានទេ ទើបយើងអាចវាយតម្លៃពួកគេបាន ដោយពួកគេបានហ្វឹកហាត់យ៉ាងល្អ បង្ហាញឲ្យយើងឃើញថាពួកគេអាចលេងសម្រាប់ក្លឹបមួយនេះបាន”។
ពាក់ព័ន្ធនឹងអតីតកូនក្រុម CR7 លោកបន្ថែម៖ “ខ្ញុំក៏មានអារម្មណ៍ល្អជាមួយ Cristiano ដូចគ្នា តែខ្ញុំមិនចូលចិត្តនិយាយអំពីកីឡាករដែលស្ថិតនៅក្រុមដទៃនោះឡើយ”៕
ប្រភព៖ Marca