ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងគិតគូរអំពីការចង់លក់ចេញនូវខ្សែបម្រើប្រយុទ្ធ Bernardo Silva នៅទីផ្សារដោះដូររដូវក្តៅខាងមុខ ដ្បិតបើសុពលភាពកុងត្រារបស់គេសល់ដល់ឆ្នាំ ២០២៥។
កីឡាករសញ្ជាតិព័រទុយហ្គាល់គេផ្ទេរមក City រយៈពេល ៤ ឆ្នាំមកហើយ តាមរយៈការឈរជើង ២០១ ប្រកួត គេរកបាន ៣៥ គ្រាប់និង Assist ៤៤ លើក។ Bernardo ធ្លាប់ឈ្នះពានរង្វាន់ចំនួន ១០ នៅមេឃខៀវ។
យ៉ាងណាលោក Pep Guardiola ហាក់គិតថាចំណែករបស់គេលែងសូវសំខាន់ខ្លាំងដូចមុនទៀត ហើយប្រសិនលក់ចេញពេលនេះក៏អាចមានឱកាសប្រមូលលុយនាំយកអ្នកថ្មី ដែលអាចអភិវឌ្ឍទៅមុខរយៈពេលយូរ ជាពិសេសគឺគោលដៅធំ Jack Grealish ដែលកំពុងឡើងកូដ។
តាមហាងឆេងកីឡាករប្រសិនណា City លក់ចេញកីឡាករវ័យ ២៦ ឆ្នាំ នោះក្លឹបនឹងទទួលបានប្រាក់ខ្ទង់ ៧០ លានអឺរ៉ូ តែមិនទាន់ប្រាកដថាក្លឹបណាព្រមទិញយកគេនោះទេ ដោយតាមចចាមអារ៉ាមពេលចុងក្រោយបង្អស់គឺមានក្លឹប Barcelona ដែលធ្លាប់សម្លឹងឃើញ Bernardo តែបើផ្អែកតាមហិរញ្ញវត្ថុរបស់ក្លឹបអេស្ប៉ាញសព្វថ្ងៃប្រហែលជាមិនអាចយកបានច្រើនជាង៕
ប្រភព៖ Goal