Chelsea លេងបានយ៉ាងល្អ ដោយយកឈ្នះ ១-០ ទៅលើ Manchester City ហើយការលេងរបស់ក្រុមដឹកនាំដោយ Thomas Tuchel កាលពីយប់មិញនៅវគ្គផ្តាច់ព្រ័ត្រ UCL ត្រូវបានមតិជាច្រើនសរសើរថាល្អតាំងពីក្រោមដល់លើ ជាពិសេសគឺតំណែងការពារស្លាប និងបម្រើកណ្តាល។
ជាក់ស្តែងតាមការយល់ឃើញរបស់អតីតខ្សែការពារនៅ Man Utd លោក Rio Ferdinand ក៏និយាយដែរថា Reece James ជាខ្សែការពារស្លាបរបស់តោ គឺពិតជាធ្វើបានល្អ ហើយឆ្លងកាត់ប្រកួតធំនេះ គេក្លាយជាកីឡាករនឹងធឹង ពេញលេញមួយរូបហើយសម្រាប់ក្រុម។
ប្រាប់ BT Sport លោក Ferdinand និយាយ៖ “គេជាធនធានកើតចេញពីថ្នាលយុវជន ហើយយើងក៏ឃើញមានសំណួរចោទសួរទៅលើគេ ពាក់ព័ន្ធនឹងការលេងឲ្យ Chelsea និងអង់គ្លេស ដោយយប់នេះគេធ្វើបានល្អខ្លាំង នៅលើឆាកដ៏ធំ ហើយនៅស្ថានភាពប្រជែង ១ ទល់ ១ ក៏គេកាន់តែបង្ហាញមកច្បាស់លាស់ដែរ”។
លោកបន្ថែមថា៖ “ប្រសិនអ្នកចង់ឈានទៅដល់ការលេងនៅកម្រិតកំពូល គឺអ្នកត្រូវតែបង្ហាញមករបៀបហ្នឹង ថ្ងៃនេះគេក្លាយជាកីឡាករនឹងធឹងមួយរូប ហើយការលេងរបស់គេទាំងអស់ក៏ជាចម្លើយឆ្លើយបកទៅមតិរិះគន់កន្លងមកដែរ”៕
ប្រភព៖ Metro