ក្រោយការចាកចេញរបស់ Zinedine Zidane សម្រាប់តំណែងអ្នកចាត់ការនៅក្លឹប Real Madrid មិនទាន់បានរកឃើញអ្នកច្បាស់ការមកស្នងបន្តនៅឡើយ ខណៈចចាមអារ៉ាមក៏បានចុចដល់ឈ្មោះគ្រូប៉ុន្មានរូប ដែលខ្លះក៏ទំនេរជើង និងខ្លះមានក្លឹបកាន់ហើយអាចនឹងចែកផ្លូវនៅពេលខាងមុខ។
យ៉ាងណាងាកមកការយល់ឃើញរបស់អតីតខ្សែប្រយុទ្ធនៅអធិរាជស គឺលោក Antonio Cassano បាននិយាយថា មានតែបុរសសញ្ជាតិអ៊ីតាលី Antonio Conte ប៉ុណ្ណោះ ដែលសក្តិសមនឹងមកដឹកនាំក្លឹបអេស្ប៉ាញមួយនេះបន្តពី Zidane ហើយសម្រាប់បុរសសញ្ជាតិបារាំងគួរតែផ្ទេរទៅដឹកនាំក្លឹប Paris Saint-Germain នាពេលបន្ទាប់។
ប្រាប់ BoboTV លោក Cassano និយាយ៖ “សម្រាប់ខ្ញុំ [Conte] ជាជម្រើសតែមួយគត់សម្រាប់ Real Mdarid ដោយពេលវេលារបស់គាត់នៅ Inter គឺពិតជាល្អតាំងពីឆ្នាំដំបូង ហើយឆ្នាំទីពីរអាចឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលីបាន ខណៈដែល Zidane ខ្ញុំគិតថាគាត់សក្តិសមនឹងទៅដឹកនាំ PSG”។
គួរបញ្ជាក់ថា អ្នកចាត់ការ Conte បានមកចូលរួមដឹកនាំដោយ Inter តាំងពីថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១៩ ដោយឆ្លងកាត់ ១០២ ប្រកួត ឈ្នះ ៦៤ ស្មើ ២៣ និងចាញ់ ១៥។ ជោគជ័យធំលោកបានដឹកនាំក្លឹបឈ្នះពាន Serie A នៅរដូវកាល ២០២០/២១ ទើបតែបញ្ចប់ទៅនេះ៕
ប្រភព៖ Marca