ក្រុម Manchester City បានរបូតឱកាសឈ្នះពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីយប់មិញទៅហើយ បន្ទាប់ពីចាញ់ក្រុម Chelsea ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
ត្បិតតែខកខានឱកាសដ៏កម្រនេះមែន ប៉ុន្តែសម្រាប់លោក Pep ដែលជាអ្នកចាត់ការក្រុម Manchester City វិញ គិតថារដូវកាលនេះមិនអាក្រក់ពេកសម្រាប់ក្រុមរបស់លោកឡើយ។
ការឈ្នះ Premier League គឺបានបង្ហាញថាក្រុមរបស់លោកធ្វើបានល្អហើយ ខណៈដែលការឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ Champions League នេះ ក៏មិនអាក្រក់ដែរ បើទោះជាមិនអាចឈ្នះពានរង្វាន់បានក្ដី។
អតីតអ្នកចាត់ការក្រុម Bayern Munich និង FC Barcelona ខាងលើបាននិយាយបែបនេះថា៖ “សម្រាប់ក្លឹបយើង វាគឺជាលើកដំបូងហើយដែលបានឈានដល់វគ្គនេះ ប៉ុន្ដែយើងនឹងខិតខំដើម្បីត្រលប់មកកន្លែងនេះម្ដងទៀត។ វាជារដូវកាលពិបាកមួយដោយសារតែមានមេរោគកូវីដ១៩ ប៉ុន្តែយើងនៅធ្វើបានល្អ ខ្ញុំគោរពការតាំងចិត្តរបស់កីឡាករយើង ពួកគេបានផ្ដល់គ្រប់យ៉ាងដល់ការប្រកួត។ យើងនឹងត្រលប់មកវិញជាមួយភាពខ្លាំងជាងនេះ”៕
ប្រភព៖ DailyMail