ក្លឹប Real Madrid កំពុងទំនេរនៅតំណែងអ្នកចាត់ការ បន្ទាប់ពីលោក Zinendine Zidane ប្រកាសចាកចេញជាលើកទី ២ ដោយមិនទាន់ដឹងមូលហេតុ។ បើមើលភាពជាក់ស្តែងរដូវកាលនេះគឺ Real Madrid ពុំបានឈ្នះពានរង្វាន់អ្វីទាំងអស់ តែខាងផ្ទៃក្នុងមានភាពរកាំរកូសបែបណា យើងមិនទាន់អាចដឹងច្បាស់នៅឡើយ។
យ៉ាងណាមិញ Real ក៏កំពុងដុតដៃដុតជើងក្នុងការស្វែងរកអ្នកមកជំនួសដែរ ហើយគោលដៅធំរបស់ក្លឹបពេលនេះ គឺជាអ្នកចាត់ការលោក Mauricio Pochettino របស់ក្លឹបបារាំង Paris Saint-Germain។
បុរសសញ្ជាតិអាហ្សង់ទីនទើបតែចូលមកដឹកនាំ PSG កាលពីដើមខែមករា ឆ្នាំ ២០២១ នេះប៉ុណ្ណោះ ខណៈដែលសុពលភាពកុងត្រារបស់គេក៏ត្រូវផុតនៅឆ្នាំក្រោយ ២០២២។ យ៉ាងណាមិញដោយសារការមិនជោគជ័យនៅរដូវកាលដំបូងនេះផង អត្រាភាគរយនៃការចាកចេញរបស់ Pochettino ក៏នៅតែអាចកើតមាន។
គួរបញ្ជាក់ថា កាល Zidane នៅដឹកនាំ Real Madrid ក្នុងមួយរដូវកាល អាចទទួលបានប្រាក់ឈ្នួល ១២ លានអឺរ៉ូ ខណៈដែល Pochettino ទទួលបាន ៧,៥ លានអឺរ៉ូនៅ PSG។ យើងនឹងរង់ចាំមើលការចរចារបស់ក្លឹប Real តើអាចអូសទាញ Pochettino បានឬយ៉ាងណា?
ប្រភព៖ Goal