លោក Antonio Conte បានលាឈប់ពីក្រុម Inter Milan ទៅហើយ បន្ទាប់ពីបានជួយក្លឹបនេះលើកពានរង្វាន់ Serie A ឡើងវិញ ក្រោយខកខាន១១ឆ្នាំមកហើយ។
Conte ចូលខ្លួនដឹកនាំក្រុម Inter Milan បាន២ឆ្នាំមកហើយ ក៏ឃើញថាទទួលបានលទ្ធផលល្អខ្លាំងផងដែរនៅឆ្នាំនេះ ដោយជួយក្លឹបលើកពានលីគ។ យ៉ាងណាមិញ ក្រោយពីការអបអរនោះបានបញ្ចប់ទៅ ស្រាប់តែបុរសសញ្ជាតិអ៊ីតាលីនេះ បានសម្រេចចិត្តលាឈប់តែម្ដង។ ការលាឈប់នេះ បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះតែលោកក៏ស្ថិតក្នុងបេក្ខភាពដែលក្រុម Real Madrid ចង់បានទៅដឹកនាំក្រុមផងដែរ។
លោក Zidane បានចាកចេញពីតំណែងអ្នកចាត់ការក្រុមអធិរាជសទៅហើយ ដោយការប្រកាសធ្វើឡើងនៅយប់មិញ។ ស្រាប់តែពេលនេះ Conte ក៏ចាកចេញពី Inter Milan ទៀត ដែលធ្វើឱ្យមានមតិជាច្រើនយល់ថាអតីតអ្នកចាត់ការ Chelsea រូបនេះទំនងជាចាំឱកាសទៅដឹកនាំ Real Madrid ហើយ៕ប្រភព Dailymail