ក្រុមការពារម្ចាស់តំណែងជើងឯកបឹងកេត អាចស្វែងរកជ័យជម្នះបានទេ នៅក្នុងការ ប្រកួតទី៤ ជាមួយក្រុមលំដាប់បាតតារាង សូលទីឡូអង្គរ នារសៀលថ្ងៃពុធស្អែកនេះ បន្ទាប់ពី បឹងកេតឆ្លងកាត់៣ប្រកួតចាញ់ទាំង៣ប្រកួត។
ក្រុមបឹងកេតនឹងត្រូវប៉ះជាមួយ សូលទីឡូអង្គរ សម្រាប់បំពេញសប្តាហ៍ទី០៤ នៃក្រប ខ័ណ្ឌលីគកំពូលកម្ពុជា ដោយ៣ប្រកួតរបស់បឹងកេតមិនទាន់ស្វែងរកបានពិន្ទុនៅឡើយទេ ដោយ ៣ប្រកួតចាញ់ទាំង៣ប្រកួត ខណៈ៤ប្រកួត របស់សូលទីឡូអង្គរ ចាញ់ទាំង ៤ប្រកួត ដែរ។ កាលពីសប្តាហ៍មុន បឹងកេតបានចាញ់ក្រុមឈរលើកំពូលតារាង អង្គរថាយហ្គឺរ ០ទល់១។ សម្រាប់ការប្រកួតរវាងក្រុមបឹងកេត និងសូលទីឡូអង្គរ គឺជាជំនួបគួរឱ្យចាប់ អារម្មណ៍ ដ្បិតក្រុមទាំងពីរ នៅមិនទាន់ស្គាល់ជ័យជម្នះឡើយ ក្នុងរដូវកាលថ្មីនេះ ដោយក្រុម នាគខៀវបឹងកេត ចាញ់ ៣ប្រកួតជាប់គ្នា ខណៈសូលទីឡូអង្គរ ចាញ់ ៤ប្រកួតជាប់គ្នា។ ដូច្នេះការប្រកួតនេះ ក្រុមទាំងពីរ ទាមទារឈ្នះលើកដំបូងរៀងៗខ្លួន ពិសេសក្រុមការពារ តំណែងជើងឯកបឹងកេត ដែលពុំទាន់មានពិន្ទុក្នុងដៃ។
ដោយឡែកក្រុមវិសាខាវិញ នឹងត្រូវធ្វើការប្រកួតក្រៅដីលើកដំបូងជាមួយក្រុមអគ្គិសនី កម្ពុជា បន្ទាប់ពីប្រកួតក្នុងដី ៣ប្រកួតឈ្នះ ១ និងស្មើ ២ រកបាន ៥ពិន្ទុ។ រីឯក្រុមអគ្គិសនីកម្ពុជា ទើបប្រកួតបាន ៣ប្រកួតដូចគ្នា ដោយឈ្នះ ១ និងចាញ់ ២ រកបាន ៣ពិន្ទុ។ ចំពោះ ការ ប្រកួតទី៤ របស់ក្រុមទាំងពីរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា។ ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ បានដំណើរការត្រឹមសប្តាហ៍ទី៥ ប៉ុន្តែក្នុងពេលប្រកួតកន្លងមក មានប្រកួត ជាច្រើនបានលើកពេលជាបន្តបន្ទាប់ ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល។
បន្ទាប់ពីបញ្ចប់ការប្រកួតនេះ លីគកំពូលកម្ពុជានឹងត្រូវផ្អាកការប្រកួត ជាង១ខែ ព្រោះក្រុមជម្រើសជាតិកម្ពុជាត្រូវបំពេញបេសកកម្មប្រកួតជម្រុះពានរង្វាន់បាល់ ទាត់ពិភពលោក នៅបារ៉ែន ចាប់ពីថ្ងៃទី០៣ ខែមិថុនា តទៅ។ បន្ទាប់មកក្លឹបវិសាខា និងបឹងកេត ត្រូវចូលរួមប្រកួតពានរង្វាន់ AFC Cup 2021។ តាមគម្រោងលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ៕